ជីវប្រវត្តិសង្ខេបរបស់នាងសុជាតា

 ព្រឹត្តិការណ៍នាព្រឹកថ្ងៃ១៥កើត ខែពិសាខ មុនការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ គឺជាទិដ្ឋភាពដ៏ថ្លៃថ្លា និងជាផ្ដើមនៃរបត់ប្រវត្តិសាស្ត្រក្នុងព្រះពុទ្ធសាសនា។ ដើម្បីឲ្យយល់កាន់តែច្បាស់អំពីសាច់រឿង សូមរៀបរាប់ត្រលប់ទៅកាន់ជីវប្រវត្តិសង្ខេបរបស់នាងសុជាតាជាមុនសិន។


១. #ជីវប្រវត្តិសង្ខេបរបស់នាងសុជាតា

នាងសុជាតា គឺជាកូនស្រីរបស់សេដ្ឋីម្នាក់ឈ្មោះ #សេនិយៈ រស់នៅក្នុង #ស្រុកឧរុវេលាសេនានិគម។ កាលពីនៅជាក្រមុំ នាងបានទៅបន់ស្រន់នៅដើមឈើជ្រៃមួយ (រុក្ខទេវតា) ដោយសន្យាថា៖


ក. សូមឲ្យនាងបានស្វាមីដែលមានទ្រព្យសម្បត្តិ និងឋានៈស្មើគ្នា។


ខ. សូមឲ្យនាងមានកូនប្រុសច្បងម្នាក់ដ៏មានលក្ខណៈសម្បត្តិល្អ។


ក្រោយមក នាងក៏បានសម្រេចបំណងដូចការប្រាថ្នាមែន ដោយបានរៀបការជាមួយកូនប្រុសសេដ្ឋីម្នាក់ទៀតនៅស្រុកនោះ និងបង្កើតបានកូនប្រុសម្នាក់ឈ្មោះថា #យស (ដែលក្រោយមកក្លាយជាព្រះយសត្ថេរ)។ ដោយសេចក្ដីដឹងគុណចំពោះរុក្ខទេវតា នាងតែងតែធ្វើពលិការ (បូជា) ដល់ទេវតានៅដើមឈើជ្រៃនោះជារៀងរាល់ឆ្នាំ មិនដែលខានឡើយ។


២. #សកម្មភាពរៀបចំដុតស្លដណ្ណាំឃ្មុំនិងដណ្តាំឃរភោជន (មធុបាយាស)

រហូតមកដល់ឆ្នាំដែលព្រះពោធិសត្វជិតនឹងត្រាស់ដឹង ត្រូវជាថ្ងៃ១៥កើត ខែពិសាខ នាងសុជាតាបានចាត់ចែងធ្វើការបូជាយ៉ាងពិសេសបំផុត ហៅថា #ឃរភោជន ឬ #មធុបាយាស (បាយលាយទឹកដោះថ្លា និងទឹកឃ្មុំ) ដោយមានការរៀបចំយ៉ាងហ្មត់ចត់ជាទីបំផុត៖


#ការទាយទឹកដោះ៖ នាងបានលែងមេគោចំនួន ១០,០០០ ក្បាល ក្នុងព្រៃឈើទាល រួចយកទឹកដោះមេគោទាំងនោះទៅឲ្យមេគោ ៥,០០០ ក្បាលស៊ី រួចយកទឹកដោះពីមេគោ ៥,០០០ ទៅឲ្យមេគោ ២,៥០០ ស៊ី ធ្វើបែបនេះជាលំដាប់រហូតសល់មេគោបំបៅតែ ៨ ក្បាលប៉ុណ្ណោះ ដើម្បីឲ្យបានទឹកដោះគោដែលមានឱជារសខាប់អស្ចារ្យបំផុត។


#អព្ភូតហេតុពេលដណ្តាំ៖ នៅព្រឹកព្រលឹមថ្ងៃ១៥កើត ខែពិសាខ ពេលដែលនាងកំពុងដណ្តាំបាយមធុបាយាសនោះ ស្រាប់តែមានអព្ភូតហេតុកើតឡើងគឺ៖ ពពុះបាយវិលស្តាំ (ប្រទក្សិណ) គ្មានផ្សែងភ្លើងហុយចេញទាល់តែសោះ ហើយទេវតា៤ (#មហារាជទាំង៤) បានមកឈរយាមឆ្នាំងបាយ រីឯ #ព្រះឥន្ទ្រ យកឧសទិព្វមកបង្កាត់ភ្លើង។


ព្រឹត្តិការណ៍នាព្រឹកថ្ងៃ១៥កើត ខែពិសាខ

១. នាងបុណ្ណាឃើញព្រះពោធិសត្វ

នៅព្រឹកព្រលឹមនោះ នាងសុជាតាបានប្រើនាងទាសី (អ្នកបម្រើ) ម្នាក់ឈ្មោះ #នាងបុណ្ណា ឲ្យទៅបោសសម្អាតនៅក្រោមគល់ឈើជ្រៃ ដើម្បីរៀបចំកន្លែងថ្វាយគ្រឿងពលិការ។


ពេលទៅដល់ នាងបុណ្ណាបានឃើញព្រះសិទ្ធត្ថពោធិសត្វ គង់ភ្នែននៅក្រោមគល់ឈើជ្រៃ បែរព្រះភក្ត្រទៅទិសខាងកើត ដោយមានព្រះរស្មីស្រស់បំព្រងចេញពីព្រះកាយ។ ដោយសារព្រះពោធិសត្វទើបតែឈប់ធ្វើទុក្ករកិរិយា (ការធ្វើទារុណកម្មរាងកាយ) ហើយត្រលប់មកសោយអាហារធម្មតាវិញ ព្រះកាយរបស់ព្រះអង្គហាក់មានសិរីសួស្តីទ្វេដង។ នាងបុណ្ណាក៏ភាន់ច្រឡំថា ព្រះអង្គគឺជា «#រុក្ខទេវតា» ដែលដកខ្លួនចេញពីដើមឈើមកអង្គុយរង់ចាំទទួលគ្រឿងពលិការដោយផ្ទាល់។ នាងមានចិត្តត្រេកអរជាខ្លាំង ក៏ប្រញាប់រត់ត្រលប់ទៅប្រាប់នាងសុជាតាវិញ។


៣. #នាងសុជាតាថ្វាយចង្ហាន់មធុបាយាស

ពេលបានឮដូច្នោះ នាងសុជាតារំភើបញាប់ញ័ររកអ្វីប្រៀបមិនបាន។ នាងបានដួសបាយមធុបាយាសដែលឆ្អិនល្អ ដាក់ចូលទៅក្នុង ថាសមាស ដែលមានតម្លៃមួយសែនតម្លឹង រួចគ្របដោយថាសមាសមួយទៀត និងយកក្រណាត់សំពត់សស្អាតមកមូរជុំវិញ។


នាងសុជាតាបានតែងខ្លួនយ៉ាងស្អាតបាត រួចទូលថាសមាសនោះដើរទៅកាន់ដើមឈើជ្រៃជាមួយនាងបុណ្ណា។ ពេលបានឃើញព្រះពោធិសត្វភ្លាម នាងកើតសេចក្តីជ្រះថ្លាអនេក ដោយយល់ថាជាទេវតាមែន។ នាងបានចូលទៅជិត ឱនគោរព ហើយវេរថាសបាយមធុបាយាសនោះថ្វាយដល់ព្រះអង្គ។


នៅក្នុងខណៈនោះ ព្រះពោធិសត្វទ្រង់លូកព្រះហស្តទៅទទួល ឯថាសមាសក៏បានស្ថិតនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ នាងសុជាតាបានពោលពាក្យប្រាថ្នាដ៏ឧត្តុង្គឧត្តមថា៖

«សូមឲ្យបំណងប្រាថ្នារបស់ព្រះអង្គបានសម្រេច ដូចជាបំណងប្រាថ្នារបស់ខ្ញុំម្ចាស់ដែលបានសម្រេចហើយនោះចុះ!»


បន្ទាប់មក នាងសុជាតាក៏ថ្វាយបង្គំលាត្រលប់ទៅផ្ទះវិញ ដោយមិនស្តាយស្រណោះសូម្បីតែថាសមាសដ៏មានតម្លៃនោះឡើយ។


៤. #ព្រះពោធិសត្វសោយ #និងការផ្សងថាសមាស

បន្ទាប់ពីនាងសុជាតាចេញទៅ ព្រះពោធិសត្វទ្រង់យាងចាកចេញពីគល់ឈើជ្រៃនោះ សំដៅទៅកាន់ឆ្នេរស្ទឹងនេរញ្ជរា។ ព្រះអង្គទ្រង់ចុះស្រង់ទឹក (លាងព្រះកាយ) រួចយាងឡើងមកគង់ស្រង់ចង្ហាន់មធុបាយាសនោះ ដោយពូតជាដុំៗបានចំនួន ៤៩ ដុំ (ដែលជាអាហារទ្រទ្រង់ព្រះកាយយ៉ាងអស្ចារ្យ ធ្វើឲ្យព្រះអង្គមិនបាច់សោយអ្វីសោះក្នុងរយៈពេល ៤៩ ថ្ងៃក្រោយការត្រាស់ដឹង)។

Previous Post Next Post