ព្រះថោងតោងស្បៃ៖ និមិត្តរូបនៃដើមកំណើតនគរខ្មែរ និងអត្តសញ្ញាណនៃប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ

 [English Below]

ព្រះថោងតោងស្បៃ៖ និមិត្តរូបនៃដើមកំណើតនគរខ្មែរ និងអត្តសញ្ញាណនៃប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ


«ព្រះថោងតោងស្បៃ» គឺជានិមិត្តរូបដ៏មានអត្ថន័យជ្រាលជ្រៅក្នុងប្រវត្តិសាស្ត្រ ជំនឿ និងវប្បធម៌ខ្មែរ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងរឿងព្រេងស្តីពីការកកើតនគរគោកធ្លក ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងនគរភ្នំ (ហ្វូណន) តាមរយៈការផ្សំផ្គុំរវាងព្រះថោង ដែលជាមនុស្ស និងនាងនាគ ជាបុត្រីស្តេចនាគ។ ការរួមគូនេះតំណាងឱ្យការរួមបញ្ចូលគ្នារវាងមនុស្ស និងនាគ ព្រមទាំងការកកើតនៃនគរ និងអរិយធម៌ខ្មែរ តាមជំនឿនិងរឿងព្រេងបុរាណ។


តាមដំណាលរឿងព្រេង ព្រះថោងបានតោងស្បៃនាងនាគ ដើម្បីយាងចុះទៅកាន់ឋានភុជង្គនាគ ជួបព្រះបិតារបស់នាង។ រូបភាពនេះបានក្លាយជានិមិត្តរូបនៃចំណងអាពាហ៍ពិពាហ៍ ភាពស្មោះត្រង់ ការរួមរស់ជាធ្លុងមួយ និងការគោរពឱ្យតម្លៃដល់ស្ត្រីក្នុងសង្គមខ្មែរ។


កេរដំណែលវប្បធម៌នេះត្រូវបានប្រជាជនខ្មែរថែរក្សា និងបន្តអនុវត្តពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់សព្វថ្ងៃ តាមរយៈអាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ។ នៅដំណាក់កាលចុងក្រោយនៃពិធី បន្ទាប់ពីពិធីសំពះផ្ទឹម កូនកំលោះតោងស្បៃដើរតាមក្រោយកូនក្រមុំ ដើម្បីរំឭកដល់ដំណាលរឿងព្រះថោង និងនាងនាគ។


ដូច្នេះ «ព្រះថោងតោងស្បៃ» មិនមែនគ្រាន់តែជាកិច្ចពិធីមួយក្នុងអាពាហ៍ពិពាហ៍ប្រពៃណីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាកេរដំណែលវប្បធម៌អរូបីដ៏មានតម្លៃ ជាសក្ខីភាពនៃការបន្តប្រពៃណីពីបុព្វបុរសខ្មែរ និងជានិមិត្តរូបនៃអត្តសញ្ញាណជាតិ ដែលផ្សារភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់ប្រជាជាតិខ្មែរ។


Preah Thong Holding Neang Neak’s Sbai: A Symbol of Khmer Origins and Traditional Wedding Culture


“Preah Thong Holding Neang Neak’s Sbai” is an important symbol in Khmer history, beliefs, and culture. It is connected to the legend of Preah Thong and Neang Neak which is believed to be linked to the origins of the Khmer kingdom. The story tells of Preah Thong, a human prince, and Neang Neak, the daughter of the Naga King. Their union symbolizes the bond between humans and nagas and is associated with the origins of Khmer civilization.


According to the legend, Preah Thong held onto Neang Neak’s sbai as he followed her to the underwater Naga Kingdom to meet her father. This story has become a symbol of marriage, loyalty, unity and respect within Khmer culture.


This tradition has been passed down through generations and is still practiced in Khmer weddings today. Near the end of the wedding ceremony, the groom holds the end of the bride’s sbai and follows her, reenacting the story of Preah Thong and Neang Neak.


Therefore, “Preah Thong Holding Neang Neak’s Sbai” is more than just a wedding ritual. It is a valuable part of Khmer intangible cultural heritage, reflecting traditions passed down from Khmer ancestors and serving as a symbol of Khmer identity that connects the past, present and future.


#Cambodia

#CambodiaKingdomOfWonder

#khmerwedding #Cambodge #Marriagekhmer

#ministryoftourismcambodia

#huothak

Previous Post Next Post