ពិចារណា​៖ វិបស្សនាញាណ១៦

 ពិចារណា​៖ វិបស្សនាញាណ១៦

(ឬក៏ហៅថា សោឡសញាណ)

*  វិបស្សនាញាណ < វិបស្សនា + ញាណ :  

 - វិបស្សនា : ប្រាជ្ញាពិចារណាឃើញច្បាស់នូវលក្ខណៈសង្ខារធម៌តាមសេចក្ដីពិត។

 - ញាណ : ជាធម្ម: គឺតួបញ្ញា ដែលកើតពីការរក្សាសីល សន្សំបារមី ចម្រើនសមាធិ វិបស្សនា ពីបុព្វេ(ខាងដើម)។


* ការចម្រើនវិបស្សនាកម្មដ្ឋាន គឺ ដើម្បីបានដល់វិបស្សនាញាណ ពិចារណាឃើញ នូវលក្ខណៈសង្ខារធម៌តាមសេចក្ដីពិត ដែលប្រព្រឹត្តទៅក្នុងកម្មដ្ឋាន ផុតចាកភាពជាតួខ្លួន សត្វ បុគ្គល ហើយសតិដឹង បញ្ញាឃើញ នូវអនត្តលក្ខណៈ គឺ ញាណប្រតិបត្តិការក្នុងកម្មដ្ឋាន ដោយធម្មជាតិ។


១. នាមរូបបរិច្ឆេទញាណ : ជាតួធម្មៈ គឺមហាកុសលញាណសម្បយុត្ត ចិត្តកើតឡើងប្រចក្សច្បាស់ នូវលក្ខណៈនាមធម៌ និង រូបធម៌ ដែលញែកចេញដាច់ពីគ្នាពិតៗ (ពុំមែនត្រឹមជាការសិក្សាយល់ដឹង), ខណ:នោះនាមធម៌ មើលឃើញរូបធម៌ ដូចជាសាកសពពេលគ្មានវិញ្ញាណនៅគ្រប់គ្រង ទើបញាណចាប់ផ្ដើមលះសក្កាយទិដ្ឋិ ឲ្យស្ដើងទៅៗ ដោយ​តទង្គបហាន ជាខណៈៗ ខ្លីៗ។ 


២. បច្ចយបរិគ្គហញាណ : កាលនាមរូបបរិច្ឆេទញាណរលត់ទៅហើយ នាមរូបក៏ប្រាកដរួមគ្នាដូចដើម ហើយញាណប្រចក្សច្បាស់លក្ខណៈនៃសភាវធម៌កើតពីបច្ច័យតាក់តែង។


៣. សម្មសនញាណ : ញាណប្រចក្សច្បាស់នូវការកើតរលត់បន្តគ្នាយ៉ាងរហ័សនៃនាមធម៌ និងរូបធម៌។ បញ្ញា​ពិចារណា​ឃើញ​ មានធម៌​ និង​រូបធម៌​ កើត​រលត់​នៅ​មាន​កម្លាំង​ទន់ខ្ចី ព្រាលៗ​ មិន​ទាន់ប្រាកដ​ ប្រជា​នៅឡើយ​។


៤. ឧទយព្វយញាណ : ញាណចម្រើនឡើងមានកម្លាំងចាក់ធ្លុះ​ នូវការកើតរលត់នៃនាមធម៌ និង 

រូបធម៌ មួយប្រភេទៗ មាន​កម្លាំង​ចាស់ក្លាជាង រហូត​អាច​ញ៉ាំង​ វិបស្សនូបក្កិលេស ឱ្យកើត​ឡើង​បាន។​ ចំណាំ: វិបស្សនាញាណ ត្រង់នេះ កាលណាវានៅទន់ខ្ចី ចិត្តនោះ នឹងជាស្អិតក្នុងវិបស្សនូបក្កិលេស១០, ប៉ុន្តែ បើចាស់ក្លាហើយ ចិត្តនោះ នឹងបង្អោនឆ្លងទៅកាន់ វិបស្សនាញាណ ជាបន្តទៀត។


៥. ភង្គញាណ : ញាណឃើញសេចក្ដីមិនមានសារៈនៃនាមធម៌ និង រូបធម៌ ដែលរលត់ទៅនោះ ហើយចាប់ផ្ដើមលះបង់សេចក្ដីពេញចិត្ត ការប្រកាន់មាំ ក្នុងសភាវធម៌ ថាជាតួខ្លួន សត្វ បុគ្គល។ នៅក្នុងកិច្ចបដិបត្តិ យោគាវចរ​ខ្លះ​ ឃើញ​រលត់​អត្តភាព​នេះ ពាក់​កណ្តាល ឬមួយ​ចំហៀង​ ឬក៏​ទាំងមូល នៅសល់​តែ​ពន្លឺ​ ជា​ទ្រង់ទ្រាយ​អត្តភាព​នេះ​ ប៉ុណ្ណោះ​។


៦. ភយតូបដ្ឋានញាណ : ញាណឃើញភ័យ(កើតសេចក្ដីភ័យ) ក្នុងខណៈកំពុងប្រចក្សច្បាស់ការកើតរលត់នៃនាមធម៌ និង រូបធម៌ ឬឃើញទោសរបស់បញ្ចក្ខន្ធ។ ចិត្ត​ពេលនេះ​ ប្រៀប​ដូច​ជា កំពុងតែ​នៅក្នុងផ្ទះ​ ដែលមាន​ភ្លើង​ កំពុង​តែ​ឆាបឆេះ​។


៧. អាទីនវញាណ : ញាណប្រចក្សច្បាស់ នូវទោសនៃការកើតរលត់ របស់នាមធម៌ និង រូបធម៌។ ចិត្ត​ពេលនេះ​ ប្រៀប​ដូច​ជា ​ភ្លើង​កំពុង​តែ​ឆាបឆេះ​ ចូលមក​រលាក​ខ្លួន​ប្រាណ​ តក់ស្លុត​នឹង​សេចក្ដី​ស្លាប់​ ដែលនឹង​ចូល​មកដល់​ បន្តិច​ទៀត​។


៨. និព្វិទាញាណ : ញាណលះបង់ សេចក្ដីត្រេកអរក្នុងភព ព្រមទាំងនឿយណាយ ចំពោះនាមធម៌ និង រូបធម៌ ដែល​បន្ត​វិលវល់​ ក្នុង​វដ្តសង្សារ​ ជាដដែលៗ​ ម្តងហើយម្តង​ទៀត រកទី​បំផុត​គ្មាន​។


៩.  មុញ្ចិតុកាម្យតាញាណ : ញាណប្រាថ្នារួចផុតពីនាមធម៌ និង រូបធម៌។ ចិត្ត​ពេលនេះ​ ប្រៀប​ដូចជា​ បក្សីសត្វ ហក់ចុះឡើង ឆ្លេឆ្លា​ក្នុង​ទ្រុង​ ដើម្បី​ស្វែងរក​ច្រកចេញ​ ឱ្យផុត​ភ័យ​។


១០. បដិសង្ខាញាណ : ញាណប្រចក្សច្បាស់ត្រៃលក្ខណ (អនិច្ចលក្ខណៈ ទុក្ខលក្ខណៈ អនត្តលក្ខណៈ) នៃសង្ខារធម៌។ ចិត្តចុះស៊ប់ ពិចារណា​ត្រៃលក្ខណ៍​គ្រប់កាល​ ត្រឡប់ទៅ​ត្រឡប់​មក យ៉ាង​ស្ទាត់ជំនាញ​។ ចិត្ត​ពេលនេះ​ ត្រៀមខ្លួន​ស្ទុះចេញទៅ ប្រៀបដូចជា​ កីឡាករ​ ប្រុងប្រៀប​នឹង​រត់ប្រណាំង ឬដូចជាបុគ្គល​ ត្រៀម​ខ្លួន​ស្ទុះ​ចេញ​ ពីផ្ទះមាន​ភ្លើង​ឆេះ តាមច្រក​សុវត្ថិភាព​មួយ។​


១១. សង្ខារុបេក្ខាញាណ : ញាណព្រងើយកន្តើយក្នុងសង្ខារធម៌ ហើយនាំឡើងកាន់មគ្គវិថី។ ចិត្ត​ពេលនេះ​ នឹងធឹង​ មានឧបេក្ខា​ក្នុង​សត្វ​និងសង្ខារ មិនត្រេកអរ មិនរីករាយ​ មិន​ញាប់ញ័រ​ ក្នុង​មហាកុសលឡើយ ដែលប្រៀបដូចជា មហាភ្នំហេមពាន មិនរង្គើ មិន​ញាប់ញ័រ​ ដោយ​អំណាច​ខ្យល់​បក់ ខ្យល់​ព្យុះ​ណាឡើយ។​


១២. អនុលោមញាណ : ជាវិបស្សនាញាណ ក្នុងមគ្គវិថី ដែលអនុលោមបន្ត ដល់ដឹងច្បាស់​ ឃើញច្បាស់ នូវអរិយសច្ចធម៌។ អនុលោមញាណ ជាមហាកុសលញាណសម្បយុត្តចិត្ត ៣ខណៈ ក្នុងមគ្គវិថី គឺៈ បរិកម្ម១, ឧបចារ១, អនុលោម១,  ហើយមហាកុសលញាណសម្បយុត្ត ៣ខណៈនេះ មានត្រៃលក្ខណៈ នៃសង្ខារធម៌ណាមួយ ជាអារម្មណ៍។ នៅពេលញាណឡើងកាន់មគ្គវិថីហើយ នឹងបន្តពិចារណា អំពីលោកិយបដិច្ចសមុប្បាទៈ បញ្ច្រាស់ចុះឡើង រហូតឃើញការជាប់ជំពាក់ក្នុងភព ជាទោសរបស់ លោភៈ ទោសៈ មោហៈ ជាទុក្ខវដ្តៈ ទើបបង្អោនចិត្ត មានអនិច្ចលក្ខណៈ ឬទុក្ខលក្ខណៈ ឬអនត្តលក្ខណៈ នៃសង្ខារធម៌ជាអារម្មណ៍ ហើយអនុលោមបន្តរហូត ញាណលះបង់អារម្មណ៍ ដែលជាសង្ខារធម៌ចោល។


១៣. គោត្រភូញាណ : ជាមហាកុសលញាណសម្បយុត្តចិត្ត ដែលមាននិព្វាន ជាអារម្មណ៍(ស្ងប់ សុខ ត្រជាក់ទៅៗ...), ខណៈដំបូង ជាអាវជ្ជន(ដឹងអារម្មណ៍​ ដែលប៉ះខ្ទប់) នៃសោតាបត្តិមគ្គចិត្ត មាននិព្វានជាអារម្មណ៍បន្ត ពីគោត្រភូញាណ ទើបសោតាបត្តិមគ្គចិត្ត ធ្វើកិច្ចរម្លត់កិលេសបាន។ ក្នុង«គោត្រភូញាណ»នេះ ញាណបន្តពិចារណាគុណធម៌នៃអរិយមគ្គនីមួយៗ ដែលកម្ចាត់បង់កិលេសជាសុខ ហើយក៏បង្អោនចិត្ត មាននិព្វានជាអារម្មណ៍ ខណៈនោះបីតិ នឹងកើតឡើងជាឧបការៈដល់សោតាបត្តិមគ្គចិត្ត សតិដឹងញាណកំពុងធ្វើដំណើរទៅកាន់អរិយមគ្គ។


១៤. មគ្គញាណ : សោតាបត្តិមគ្គចិត្ត កើតឡើងកាត់ផ្ដាច់ឧបាទាន លះសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ជាសមុច្ឆេទ ហើយញាណឆ្លងផុតភាពជាបុថុជ្ជន បានដល់ភាពជាព្រះអរិយបុគ្គល។


១៥. ផលញាណ : ជាលោកុត្តរវិបាកចិត្ត កើតឡើងក្រោយមគ្គវិថីធ្វើជវនកិច្ច ហើយញាណប្រចក្សច្បាស់ព្រះនិព្វាន ដោយលោកុត្តរបញ្ញា។


១៦. បច្ចវេក្ខណញ្ញាណ : ញាណពិចារណាសភាវធម៌ដែលទើបនឹងប្រចក្សច្បាស់ វារៈនីមួយៗ... គឺ មគ្គចិត្ត វារៈ១, ផលចិត្ត វារៈ១, កិលេសបានលះរួច វារៈ១ កិលេសនៅសល់ វារៈ១ និព្វាន វារៈ១។

Previous Post Next Post