អត្ថបទប្រវត្តិសាស្ដ្រ
ស្តីពី៖ "កំពូលមេទ័ពចិន ស៊ុន អ៊ូ ឬ ស៊ុន ជឺ Sun Tzu"
លោកអ្នក ប្រហែលជាបានឮនិងស្គាល់ហើយ អំពីភាពអស្ចារ្យនៃក្បួនសឹកចិន ស៊ុន អ៊ូ ដែលមានភាពល្បីល្បាញរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ដែលសៀវភៅនេះមានឈ្មោះថា ក្បួនតម្រាពិជ័យ
សង្គ្រាម ឬ Art Of War ។
មេទ័ព ស៊ុនអ៊ូ ឬ ស៊ុន ជឺ (Sun Tzu) ប្រសូតនៅឆ្នាំ ៥៤៤ មុនគ.ស ក្នុងទឹកដីនគរឈី (Qi) ។ ដោយជានិស្ស័យលោកបានប្រសូតនៅក្នុងសម័យកាលជាមួយនឹង អ្នកប្រាជ្ញចិនពីររូបទៀត គឺអ្នកប្រាជ្ញ ខុងជឺ (Confucius) និងឡៅ ជឺ (Laozi) ។ លោក ស៊ុនអ៊ូ ប្រសូតស្របពេលដែលប្រទេសចិន កំពុងមានភាពចលាចល និងអសន្ដិសុខ ។
ឪពុកលោកឈ្មោះ ស៊ុន ភីង (Sun Ping ) ដែលស្ថិតនៅក្នុងឋានៈអភិជន ព្រមទាំងជាមេទ័ពពូកែ មានចំណេះដឹងនិងបទពិសោធខាងផ្នែកសឹកសង្គ្រាមយ៉ាងជ្រាលជ្រៅ ដែលនេះហើយទើបធ្វើឲ្យលោកទទួលបានការសិក្សារៀនសូត្រ និងមានភាពវៃឆ្លាតខាងផ្នែកក្បួនសឹក យុទ្ធសាស្ត្រសង្គ្រាមតាំងតែពីវ័យកុមារមកម៉្លេះ ។
ក្នុងខណៈពេលមួយនៅនគរឈី បានកើតមានរឿងចលាចលដោយស្នាដៃមន្ដ្រីក្បត់ ទើបបង្ខំចិត្តធ្វើឲ្យលោកមេទ័ព ស៊ុនអ៊ូ ត្រូវភៀសខ្លួនទៅជ្រកកោនក្នុងទឹកដីនគរអ៊ូ ជាបណ្ដុះអាសន្នមួយរយៈ ។ ក្នុងពេលធ្វើដំណើរ ក៏ដូចជាការសិក្សាអំពីបញ្ហានគរផ្សេងៗ លោកក៏បានសរសេរក្បួនសឹក និងកត់ត្រាទុក រហូតដល់ថ្ងៃមួយមានមេទ័ពម្នាក់ឈ្មោះ អ៊ូ ជឺស៊ី បានដឹងក៏បានចូលគាល់ ហើយទូលព្រះរាជាស្ដេចអ៊ូ ឲ្យទទួលលោកស៊ុន អ៊ូ ធ្វើជាមេទ័ពធំនៃនគរអ៊ូ ការចូលគាល់ម្តងហើយម្តងទៀតរហូតដល់លើកទី៧ ទើបព្រះរាជាសព្វព្រហរទ័យ ទទួល និងបានធ្វើការសាកល្បងសមត្ថភាពរបស់លោកស៊ុន អ៊ូ ដោយឱ្យលោកបង្វឹកពួកស្រីស្នំក្នុងវាំងទាំងអស់ ឱ្យខ្លាំងក្លានិងអាចចេញច្បាំងសម្លាប់សត្រូវបានដូចមនុស្សប្រុស ។
មេទ័ពស៊ុន អ៊ូ ក៏បានរៀបចំឲ្យពួកគេចែកជា ២កង និងមានមេកង២ នាក់ ។ មេទ័ពក៏បាននិយាយអំពីច្បាប់វិន័យនៃកងទ័ព ដូចជា បែរទៅមុខ បែរឆ្វេង បែរស្ដាំ ត្រលប់ក្រោយបែរ យ៉ាងច្បាស់លាស់។ លោកបានបញ្ជាក់សួរថា តើអ្នកទាំងអស់គ្នាយល់អស់ហើយឬនៅ? ពួកនាងក៏បានស្រែកថាយល់អស់ហើយ! បន្ទាប់មក លោកបានប្រកាសឱ្យគេទូងស្គរដើម្បីធ្វើការហ្វឹកហាត់ និងបានបញ្ជាឱ្យពួកនាង “ស្តាំបែរ!” ប៉ុន្តែពួកនាងសើច ហើយធ្វើដូចជាមិនដឹងរឿងអ្វីទាំងអស់។
មេទ័នស៊ុនអ៊ូ ក៏បាននិយាយថា “កាលបើទាហានមិនទាន់យល់ច្បាស់ពីបទបញ្ជាទ័ពបែបនេះ គឺចាត់ទុកជាកំហុសរបស់មេទ័ព”។ ដូច្នេះ លោកក៏បានប្រកាសបញ្ជាជាថ្មីចំនួន ៣ដងទៀត និងនិយាយអធិប្បាយពន្យល់ណែនាំចំនួន ៥ដង ទៀត រួចក៏បានឲ្យគេទូងស្គរព្រមទាំងស្រែកបញ្ជាឱ្យទៅឆ្វេងវិញម្តង ប៉ុន្តែពួកនាងនៅតែសើច ដោយមិនគោរពតាមលោកឡើយ ។ លោកក៏បន្ដនិយាយថា កាលបើសេចក្តីបង្គាប់បញ្ជាមានលក្ខណៈមិនទាន់ច្បាស់លាស់ មិនទាន់ជ្រួតជ្រាបជាទូទៅ នេះគេចាត់ទុកថាជាកំហុសរបស់មេទ័ព! ប៉ុន្តែបើសេចក្តីប្រកាស់មានភាពច្បាស់លាស់ ការហ្វឹកហាត់បង្រៀនច្បាស់លាស់អស់ហើយ តែនៅតែមិនអាចអនុវត្តតាមបទបញ្ជាបាន នេះចាត់ទុកថាជាកំហុសរបស់មេកង!
មេទ័ពស៊ុន ក៏បានស្រែកយ៉ាងម៉ឺងម៉ាត់ថា “យកមេកងទាំង ២នាក់ ទៅកាត់ក្បាលចោល!” ។
ស្តេចអ៊ូ នាពេលនោះក៏បានភ័យស្លន់ស្លោពេលឮថាត្រូវកាត់ក្បាលស្នំរបស់ទ្រង់ទាំងពីរអង្គ។ ទ្រង់បានស្នើដល់ មេទ័ព ស៊ុនអ៊ូ ដើម្បីទុកជីវិតដល់ពួកស្នំទាំងពីររបស់ទ្រង់។ មេទ័ពស៊ុនអ៊ូ ក៏ឆ្លើយតបថា “ទូលបង្គំបានទទួលបញ្ជាធ្វើជាមេទ័ពត្រួតពល ដូច្នេះអំណាចអាជ្ញាសឹកនៃការគ្រប់គ្រងមេទ័ព មេកងត្រូវស្ថិតក្នុងដៃរបស់ទូលបង្គំ! ពេលកំពុងធ្វើសឹកនៅលើសមរភូមិ មេទ័ពនៅខាងក្រៅពេលខ្លះមិនអាចទទួលរាជបញ្ជានោះទេ”។ គ្រានោះលោកក៏បាន ប្រហារជីវិតស្រីស្នំស្ដេច នៅមុខមហាជនតែម្ដង ។ បន្ទាប់មក ពួកនាងស្នំ ដទៃក៏ធ្វើបានយ៉ាងល្អ ទោះបីត្រូវទៅមុខ ទៅក្រោយ ឆ្វេងស្ដាំ ឬលុតក្រាប ក៏ចេះចាំយ៉ាងស្ទាត់ជំនាញ បានយ៉ាងជោគជ័យ។
នៅឆ្នាំ ៥១២ មុនគ.ស. នគរអ៊ូ បានចេញច្បាំងនឹងនគរឈូ ដែលមានមេទ័ព ស៊ុនអ៊ូ ជាមេទ័ពធំ និងមេទ័ពរងជា អ៊ូ ជឺស៊ី ក្នុងសង្គ្រាមនោះលោកបានដឹកនាំដោយទទួលបានជ័យជម្នះទាំងស្រុង។ នៅឆ្នាំ ៤៨៤ មុនគ.ស. កងទ័ពរបស់ស៊ុន អ៊ូ បានទទួលជោគជ័យលើទ័ពនគរឈីបន្ថែមទៀត។
នៅពេលដែលលោកទៅធ្វើសង្គ្រាម លោកតែងតែយល់ច្បាស់អំពី កម្លាំងទ័ពសត្រូវ និងខ្លួនឯងយ៉ាងច្បាស់លាស់ ។ លោកដឹងអំពីការធ្វើសង្គ្រាមឈ្នះ ដោយចំណាយអស់ចំនួនកងទ័ពតិច ។ ក្នុងរយៈពេលជាង ៤០ ឆ្នាំរបស់លោកក្នុងនាមជាមេទ័ពធំនៃនគរ គឺលោកមិនដែលចាញ់ការប្រយុទ្ធ ឬ យុទ្ធនាការ សង្រ្គាមណាមួយឡើយ ។
ស្នាដៃដ៏អស្ចារ្យជាងគេរបស់លោក គឺជាការសរសេរក្បួនសឹកសង្គ្រាមហៅថា តម្រាពិជ័យសង្គ្រាម ស៊ុន ជឺ (The Art of War) ដែលមាន១៣ ជំពូក ឆ្លាក់នៅលើបន្ទះឫស្សី ។
មេទ័ពស៊ុន អ៊ូ ទទួលមរណភាពក្នុងអាយុ ៤៧ឆ្នាំ ក្នុងឆ្នាំប្រហែល ៤៩៦មុនគ.ស នៅក្នុងទឹកដីនៃនគរអ៊ូ (Wu) ។
ប្រវត្តិ និងស្នាដៃ
ជាមេដឹកនាំទ័ពដ៏ពូកែដែលមានប្រវត្តិរស់នៅជាង ២៥០០ ឆ្នាំមុន។
បាននិពន្ធសៀវភៅ ក្បួនសឹក ដំបូងគេបង្អស់លើពិភពលោក។
លោកអាចស្វែងយល់បន្ថែមអំពីជីវប្រវត្តិ និងការវិភាគពី
ជាមេដឹកនាំទ័ពដ៏ពូកែដែលមានប្រវត្តិរស់នៅជាង ២៥០០ ឆ្នាំមុន។
បាននិពន្ធសៀវភៅ ក្បួនសឹក ដំបូងគេបង្អស់លើពិភពលោក។
លោកអាចស្វែងយល់បន្ថែមអំពីជីវប្រវត្តិ និងការវិភាគពី
តម្លៃក្បួនសឹក
ផ្ដល់គតិបណ្ឌិត និងយុទ្ធសាស្ត្រដឹកនាំ។
យកមកប្រើប្រាស់មិនត្រឹមតែក្នុងរឿងសង្គ្រាម ទេ ថែមទាំងក្នុងការរស់នៅ និងមុខជំនួញសម័យទំនើប។
Tags:
Arts Of War
