វិជ្ជា "មនោមយិទ្ធិ"
(ម:_នោ_ម:_យិត_ធិ)
"វិជ្ជាមនោមយិទ្ធិ" (ឬមនោម័យឫទ្ធិ) ដែលជាការប្រតិបត្តិកម្រិតខ្ពស់ក្នុងផ្លូវអភิញា (វិជ្ជា៨) នៃព្រះពុទ្ធសាសនា
នៅក្នុងសម័យពុទ្ធកាល ព្រះចូឡបន្ថក គឺជាព្រះអរហន្តដែលត្រូវបានព្រះពុទ្ធទ្រង់លើកតម្កើងថាជាឯតទគ្គៈ (អ្នកដែលពូកែជាងគេ) ខាងមនោមយិទ្ធិ។
តើអ្វីទៅជា មនោមយិទ្ធិ?
"មនោមយិទ្ធិ" ប្រែថា "ឫទ្ធិដែលសម្រេចដោយចិត្ត" ឬការបង្កើតកាយមួយទៀតចេញពីកាយដើម (ការដកកាយទិព្វចេញពីរូបកាយ) វាគឺជាផ្នែកមួយនៃ អភิញា ៦ ឬ វិជ្ជា ៨ ក្នុងព្រះពុទ្ធសាសនា។
គោលបំណងពិតប្រាកដនៃការរៀនវិជ្ជានេះ មិនមែនដើម្បីហោះហើរ ដើរលើទឹក ឬអួតឫទ្ធិបារមីនោះទេ ក្នុងផ្លូវព្រះពុទ្ធសាសនា វិជ្ជានេះប្រើជា "ឧបាយ" (ឧបករណ៍) ដើម្បីគាំទ្រដល់ វិបស្សនា (ការយល់ដឹងពីសេចក្ដីពិត) ពេលដែលអ្នកប្រតិបត្តិអាចយកចិត្ត (កាយទិព្វ) ចេញពីរូបកាយបាន ពួកគេនឹងយល់ច្បាស់ថា "រូបកាយនេះមិនមែនជារបស់យើងទេ" ពេលពួកគេអាចទៅឃើញឋាននរក ឋានសួគ៌ ពួកគេនឹងអស់ការសង្ស័យលើច្បាប់កម្មផល (អស់វិចិកិច្ឆា) ដែលជាផ្លូវឈានទៅរកការត្រាស់ដឹង (សោតាបន្ន)។
"មនោមយិទ្ធិ" មកពីពាក្យ....
- មនោ (ម:_នោ) ប្រែថា ចិត្ត
- មយ (ម:_យ:) ប្រែថា បង្កើតឡើង, សម្រេចឡើង, ធ្វើឡើង
- ឥទ្ធិ (អិត_ធិ) ប្រែថា ឫទ្ធិ ឬសេចក្តីសម្រេច
"មនោមយិទ្ធិ" ប្រែថា "ឫទ្ធិដែលសម្រេចដោយចិត្ត ឬការបង្កើតកាយមួយទៀត (កាយទិព្វ) ដោយអំណាចនៃចិត្ត"
មនោមយិទ្ធិ នៅក្នុង "វិជ្ជា ៨" ដែលជាចំណេះដឹងឬសមត្ថភាពកម្រិតខ្ពស់បំផុតរបស់ព្រះអរិយបុគ្គល (ឬអ្នកបានឈាន)
វិជ្ជា ៨ នោះរួមមាន....
១. វិបស្សនាញ្ញាណ (បញ្ញាដឹងច្បាស់ពីត្រៃលក្ខណ៍)
២. មនោមយិទ្ធិ (ការនិម្មិតកាយដោយចិត្ត)
៣. ឥទ្ធិវិធា (ការសម្តែងឫទ្ធិផ្សេងៗ ដូចជាហោះហើរ មុជដី ដើរលើទឹក)
៤. ទិព្វសោត (ត្រចៀកទិព្វ ឮសំឡេងឆ្ងាយៗ)
៥. ចេតោបរិយញ្ញាណ (ការដឹងចិត្តអ្នកដទៃ)
៦. បុព្វេនិវាសានុស្សតិញ្ញាណ (ការរលឹកជាតិបាន)
៧. ទិព្វចក្ខុញ្ញាណ (ភ្នែកទិព្វ ឃើញការកើតស្លាប់របស់សត្វ)
៨. អាសវក្ខយញ្ញាណ (បញ្ញាធ្វើឱ្យអស់កិលេស ជាធម៌សម្រាប់ត្រាស់ដឹងជាព្រះអរហន្ត)។
ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រៀបធៀបការដកកាយទិព្វចេញពីរូបកាយសាច់ឈាមនេះ (មនោមយិទ្ធិ) យ៉ាងច្បាស់លាស់ ទៅនឹងឧបមា ៣ យ៉ាង៖
១. ដូចជាការដកបណ្ដូលចេញពីដើមស្មៅ៖ បណ្ដូលផ្សេង ស្រោមផ្សេង តែបណ្ដូលនោះត្រូវបានដកចេញពីស្រោមនោះឯង។
២. ដូចជាការដកដាវចេញពីស្រោម៖ ដាវផ្សេង ស្រោមដាវផ្សេង តែដាវនោះត្រូវរូតចេញពីស្រោម។
៣. ដូចជាពស់សកស្រកា៖ ស្រកាចាស់ផ្សេង តួខ្លួនពស់ផ្សេង។
លក្ខណៈនៃ "កាយទិព្វ" (អទិស្សមានកាយ) នេះ ព្រះពុទ្ធទ្រង់ត្រាស់ថា.... "សព្វង្គបច្ចង្គិ អហីនិន្ទ្រិយំ" មានន័យថា វាមានរូបរាងដូចកាយដើមបេះបិទ មានអវយវៈតូចធំសព្វគ្រប់ និងមានឥន្ទ្រិយ (ភ្នែក ត្រចៀក...) មិនខ្វះចន្លោះឡើយ ប៉ុន្តែវាជារូបដែលល្អិត (សាច់ទិព្វ) ដែលភ្នែកមនុស្សធម្មតាមើលមិនឃើញ។
ការចម្រើនមនោមយិទ្ធិ មិនមែនជារឿងងាយស្រួល ឬត្រឹមតែការគិតស្រមៃនោះទេ យោងតាមគម្ពីរ វិសុទ្ធិមគ្គ អ្នកបដិបត្តិត្រូវតែដើរតាមជំហានយ៉ាងតឹងរ៉ឹងដូចខាងក្រោម៖
អ្នកបដិបត្តិត្រូវតែមានសីលបរិសុទ្ធឥតខ្ចោះ (សីល ៥, ៨ ឬ ២២៧ សម្រាប់ភិក្ខុ) បើសីលសៅហ្មង សមាធិមិនអាចកើតឡើងដល់កម្រិតខ្ពស់បានទេ។
នេះជាលក្ខខណ្ឌដាច់ខាត អ្នកបដិបត្តិត្រូវចម្រើនកម្មដ្ឋាន (ភាគច្រើនប្រើ កសិណ ដូចជា កសិណដី ទឹក ភ្លើង ខ្យល់ ឬ ពន្លឺ) រហូតចិត្តស្ងប់កម្រិតខ្ពស់បំផុត គឺ ឈានទី៤ (ចតុត្ថឈាន)។
លក្ខណៈនៃឈានទី៤ ខ្យល់ដង្ហើមចេញចូលនឹងឈប់ទាំងស្រុង (តាមផ្លូវចិត្ត) ចិត្តមានអង្គតែ២ គឺ ឧបេក្ខា (ការព្រងើយកន្តើយ កណ្តាលទទេ) និង ឯកគ្គតា (ចិត្តមូលស្លុងលើអារម្មណ៍តែមួយ)។
អ្នកបដិបត្តិត្រូវមាន "វសី" (ភាពស្ទាត់ជំនាញ) ៥យ៉ាង លើឈាននេះ គឺអាចចូលឈានបានភ្លាមៗ អាចឋិតនៅបានយូរតាមចិត្តចង់ និងអាចចេញពីឈានបានភ្លាមៗ។
នៅពេលដែលស្ទាត់ជំនាញកម្រិតកំពូលហើយ នេះជាវិធីប្រព្រឹត្តទៅដើម្បីដកកាយទិព្វ៖
១- ការចូលឈានជាបាត៖ យោគាវចរ (អ្នកបដិបត្តិ) ត្រូវចូលឈានទី៤ ដោយយកកសិណណាមួយជាអារម្មណ៍។
២- ការចេញពីឈាន និងពិចារណា៖ ត្រូវចេញពីឈានទី៤ មកស្ថិតក្នុងឧបចារសមាធិ ហើយពិចារណាមើលរូបកាយសាច់ឈាមនេះ ថាជារបស់រឹងអាក្រក់ និងពិចារណាកាយទិព្វដែលខ្លួនចង់បង្កើត ថាជារបស់ស្រាល។
៣- ត្រូវតាំងចិត្តអធិដ្ឋាន (បញ្ជា) ថា... "សូមឱ្យកាយមួយទៀត ដែលជារូបកើតអំពីចិត្ត មានអវយវៈសព្វគ្រប់ ចូរលេចចេញពីរាងកាយនេះ"។
៤- ការចូលឈានទី៤ ម្ដងទៀត៖ ភ្លាមៗក្រោយការអធិដ្ឋាន ត្រូវចូលឈានទី៤ ឱ្យបានលឿនបំផុត។
៥- ការសម្រេច (មនោមយិទ្ធិ)៖ ពេលចេញពីឈានទី៤ ភ្លាម អំណាចនៃចិត្តដែលមុតស្រួចនោះ នឹងកាត់ផ្តាច់ (ទាញ) កាយទិព្វចេញពីរូបកាយសាច់ឈាមភ្លាមៗ ពេលនោះ សតិសម្បជញ្ញៈទាំងអស់ នឹងទៅស្ថិតនៅលើកាយទិព្វ ហើយកាយទិព្វនោះអាចធ្វើដំណើរទៅកាន់ទីណាក៏បាន (ឋានសួគ៌ ឋាននរក ព្រហ្មលោក) ដូចដែលចិត្តប្រាថ្នា។
វិធីចម្រើនឱ្យកើតឡើង (តើគេអនុវត្តបែបណា?)
ការអនុវត្តមនោមយិទ្ធិ ត្រូវការការបន្សំគ្នារវាង សមាធិ (សមថៈ) និង បញ្ញា (វិបស្សនា) វិធីប្រតិបត្តិជាទូទៅមានជំហានដូចខាងក្រោម៖
១. ការរក្សាសីលឱ្យបរិសុទ្ធ៖ ត្រូវតែមានសីល៥ យ៉ាងខ្ជាប់ខ្ជួនជានិច្ច ព្រោះសីលជាគ្រឹះនៃសមាធិ។
២. ការកាត់បន្ថយក្ដីកង្វល់ (នីវរណធម៌ ៥)៖ មុនពេលអង្គុយសមាធិ ត្រូវផ្សាយមេត្តា អភ័យទោសឱ្យអ្នកដទៃ កុំគិតរឿងលោភលន់ ខឹងសម្បារ ឬងងុយដេក។
៣. ការកំណត់ខ្យល់ដង្ហើម និងពាក្យបរិកម្ម៖ ដកដង្ហើមចូលវែងៗ ដកដង្ហើមចេញវែងៗ ដោយប្រើពាក្យបរិកម្ម។ ក្នុងខ្សែស្រឡាយមនោមយិទ្ធិនេះ គេច្រើនប្រើពាក្យបរិកម្មថា "ណ: ម: ផ: ថ:" ដែលតំណាងឱ្យធាតុទាំង ៤ (ដី ទឹក ភ្លើង ខ្យល់) អមជាមួយខ្យល់ដង្ហើម។
៤. ការប្រើកសិណ ឬពុទ្ធានុស្សតិ៖ តាំងចិត្តនឹកដល់រូបព្រះពុទ្ធ ឬពន្លឺភ្លឺស្វាងនៅចំកណ្ដាលដើមទ្រូង ឬចិញ្ចើម។
៥. ការកាត់ផ្ដាច់សេចក្ដីប្រកាន់រូបកាយ៖ នេះជាផ្នែកវិបស្សនា អ្នកហាត់ត្រូវប្រាប់ខ្លួនឯងថា "រូបរាងកាយនេះមិនមែនជារបស់អញទេ វានឹងត្រូវស្លាប់ រលាយទៅវិញ ខ្ញុំមិនត្រូវការវាទៀតទេ បើខ្ញុំស្លាប់ពេលនេះ ខ្ញុំសុំទៅត្រង់ព្រះនិព្វាន"
៦. នៅពេលដែលចិត្តស្ងប់ខ្លាំង (ដល់កម្រិតឧបចារសមាធិ ឬឈាន) ហើយបូករួមជាមួយការលះបង់រូបកាយមិនស្ដាយស្រណោះ ចិត្ត (ឬអទិស្សមានកាយ / កាយទិព្វ) នឹងមានកម្លាំងគ្រប់គ្រាន់អាចផ្ដាច់ចេញពីរូបកាយសាច់ឈាមនេះ ដើម្បីធ្វើដំណើរទៅកាន់ភពភូមិផ្សេងៗបាន។
_____សុវត្ថន៍-Sovathn
ឯកសារយោង:
- ព្រះត្រៃបិដក លេខ ១៥ (សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ)
- គម្ពីរវិសុទ្ធិមគ្គ ភាគ២ និពន្ធដោយព្រះពុទ្ធឃោសាចារ្យ នៅសតវត្សទី ៥ នេះជាគម្ពីរមេសាស្រ្តក្នុងការប្រតិបត្តិសមាធិ និងវិបស្សនា។
សូមអាន បរិច្ឆេទទី ១២ ឈ្មោះ "ឥទ្ធិវិធនិទ្ទេស" (ការសម្តែងអំពីប្រភេទឫទ្ធិ)
Tags:
Buddhism







