ភិក្ខុប្រកបដោយធម៌៤យ៉ាង

 ភិក្ខុប្រកបដោយធម៌៤យ៉ាង 

ជាស្រែបុណ្យដ៏ប្រសើរ

សម្លេងអាន ឧបាសក Chan Chheko 

....................................................


[១១៤] ម្នាលភិក្ខុទាំងឡាយ 

ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៤ 

ជាដំរីគួរដល់ស្តេចទុកជាព្រះរាជទ្រព្យ 

ដល់នូវការរាប់ថា ជាអង្គរបស់ស្តេច។ 


ប្រកបដោយអង្គ ៤ តើដូចម្តេចខ្លះ។ 


ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច 

ក្នុងលោកនេះ ជាសត្វមានត្រចៀក (វៃ) ១ 

ជាសត្វបៀតបៀន ១ 

ជាសត្វអត់ធ្មត់ ១ 

ជាសត្វដើរ (លឿន) ១។ 


ម្នាលភិក្ខុទាំងឡាយ 

ចុះដំរីដ៏ប្រសើររបស់ស្តេច 

ជាសត្វមានត្រចៀក (វៃ) តើដូចម្តេច។ 


ម្នាលភិក្ខុទាំងឡាយ 

ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ 

សារថី អ្នកបង្ហាត់នូវដំរី ដែលគួរបង្ហាត់ 

ឲ្យធ្វើនូវហេតុណា ទោះបីខ្លួនធ្លាប់ធ្វើក្តី 

ទោះបីខ្លួនមិនធ្លាប់ធ្វើក្តី 

ក៏ធ្វើនូវហេតុនោះ ឲ្យមានប្រយោជន៍ 

ធ្វើទុកក្នុងចិត្ត ប្រមូលមក នូវហេតុទាំងអស់ 

ដោយ ចិត្ត មានត្រចៀកផ្ទៀងស្តាប់។ ‹២៩៣›


ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើរ របស់ស្តេច 

ជាសត្វមានត្រចៀក (វៃ) យ៉ាងនេះឯង។ 


ម្នាលភិក្ខុទាំងឡាយ 

ចុះដំរីដ៏ប្រសើររបស់ស្តេច 

ជាសត្វបៀតបៀន តើដូចម្តេច។ 


ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច 

ក្នុងលោកនេះ កាលចូលសង្គ្រាម 

ក៏បៀតបៀននូវដំរីផងគ្នាផង 

បៀតបៀន នូវទ្រម័កដំរី ផង 

បៀតបៀននូវសេះផង 

បៀតបៀននូវអ្នកជិះសេះផង 

បៀតបៀននូវរថផង 

បៀតបៀន នូវបុរសអ្នកជិះរថផង 

បៀតបៀននូវសេនាថ្មើជើងផង។ 


ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច 

ជាសត្វបៀតបៀន យ៉ាងនេះឯង។ 


ម្នាលភិក្ខុទាំងឡាយ 

ចុះដំរីដ៏ប្រសើររបស់ស្តេច 

ជាសត្វអត់ធ្មត់ តើដូចម្តេច។ 


ម្នាលភិក្ខុទាំងឡាយ 

ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ 

កាលចូលសង្រ្គាម ជាសត្វអត់ធ្មត់ 

នឹងការប្រហារដោយលំពែង 

ប្រហារដោយដាវ 

ប្រហារដោយពូថៅ 

(ជាសត្វអត់ធ្មត់) នឹង សំឡេងស្គរជ័យ 

ខ្លុយ ស័ង្ខ ស្គរធំ 

និងសូរសំឡេងគឹកកងទាំងឡាយបាន។ 


ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើរ 

របស់ស្តេច ជាសត្វអត់ធ្មត់ យ៉ាងនេះឯង។ 


ម្នាលភិក្ខុទាំងឡាយ 

ចុះដំរីដ៏ប្រសើររបស់ស្តេច 

ជាសត្វដើរ (លឿន) តើដូចម្តេច។ 


ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច 

ក្នុងលោកនេះ ‹២៩៤›


សារថីអ្នកបង្ហាត់នូវដំរី ដែលគួរបង្ហាត់ 

បញ្ជូនទៅកាន់ទិសណា ទោះបីធ្លាប់ទៅក្តី 

មិនធ្លាប់ទៅក្តី ក៏ជាសត្វដើរ (លឿន) 

ទៅកាន់ទិសនោះ ដោយឆាប់។ 


ម្នាលភិក្ខុទាំងឡាយ 

ដំរីដ៏ប្រសើររបស់ស្តេច 

ជាសត្វដើរ (លឿន) យ៉ាងនេះឯង។ 


ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច 

ប្រកបដោយអង្គ ៤ នេះ 

ជាដំរីគួរដល់ស្តេចទុកជាព្រះរាជទ្រព្យ 

ដល់នូវការរាប់ថាជាអង្គរបស់ស្តេច។ 


ម្នាលភិក្ខុទាំងឡាយ 

ភិក្ខុប្រកបដោយធម៌ ៤ យ៉ាង ក៏ដូច្នោះដែរ 

គឺជាអ្នកគួរទទួលនូវទាន ដែលគេនាំមកបូជា 

គួរទទួលនូវអាគន្តុកទាន 

គួរទទួលនូវទក្ខិណាទាន 

គួរដល់អញ្ជលិកម្ម 

ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ 


ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច។ 


ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ 

ជាអ្នកមានសោតប្រសាទវៃផង 

ជាអ្នកបៀតបៀនផង 

ជាអ្នកអត់ធ្មត់ផង 

ជាអ្នកដើរ (លឿន) ផង។ 


ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ 

ជាអ្នកមានសោត ប្រសាទ តើដូចម្តេច។ 


ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ 

កាលគេកំពុងសំដែងធម្មវិន័យ 

ដែលតថាគតប្រកាសហើយ 

ក៏ធ្វើឲ្យមានប្រយោជន៍ ធ្វើទុកក្នុងចិត្ត 

ប្រមូលមកនូវធម្មវិន័យទាំងអស់ដោយចិត្ត 

មានសោតប្រសាទ ផ្ទៀងចុះ ចាំស្តាប់នូវធម៌។ 


ម្នាលភិក្ខុទាំងឡាយ 

ភិក្ខុជាអ្នកមានសោតប្រសាទវៃ 

យ៉ាងនេះឯង។ ‹២៩៥›


ម្នាលភិក្ខុទាំងឡាយ 

ចុះភិក្ខុជាអ្នកបៀតបៀន តើដូចម្តេច។ 


ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ 

មិនទទួលរ៉ាប់រង លះបង់ បន្ទោបង់ 

ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានតទៅទៀត 

នូវកាមវិតក្កៈ ដែលកើតឡើងហើយ 


មិនទទួលរ៉ាប់រង លះបង់ បន្ទោបង់ 

ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត 

នូវព្យាបាទវិតក្កៈ ដែលកើតឡើងហើយ 


មិនទទួលរ៉ាប់រង លះបង់ បន្ទោបង់ 

ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត 

នូវវិហឹសាវិតក្កៈ ដែលកើតឡើងហើយ 


មិនទទួលរ៉ាប់រង លះបង់ បន្ទោបង់ 

ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានតទៅទៀត 

នូវអកុសលធម៌ទាំងឡាយ ដ៏លាមក 

ដែលកើតឡើងហើយ ។ 


ម្នាលភិក្ខុទាំងឡាយ 

ភិក្ខុជាអ្នកបៀតបៀន យ៉ាងនេះឯង។ 


ម្នាលភិក្ខុទាំងឡាយ 

ចុះភិក្ខុជាអ្នកអត់ធ្មត់ តើដូចម្តេច។ 


ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ 

ជាអ្នកអត់ធ្មត់ នូវត្រជាក់ ក្តៅ 

សេចក្តីឃ្លាន សេចក្តីស្រេក 

សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ 

និងពស់តូច ពស់ធំទាំងឡាយ 

និងពាក្យដែលគេនិយាយអាក្រក់ 

និងគន្លងនៃពាក្យ ដែលកើតឡើង 

និងទុក្ខវេទនា ជាទីប្រជុំចុះ ក្នុងសរីរៈ 

ដ៏ក្លាខ្លាំង រឹងរូស ក្តៅផ្សា មិនជាទីត្រេកអរ 

មិនជាទីគាប់ចិត្ត ជាទីនាំបង់នូវជីវិត 

ជាអ្នកប្រកបដោយអធិវាសនក្ខន្តិ។ ‹២៩៦›


ម្នាលភិក្ខុទាំងឡាយ 

ភិក្ខុជាអ្នកអត់ធ្មត់ យ៉ាងនេះឯង។ 


ម្នាលភិក្ខុទាំងឡាយ 

ចុះភិក្ខុជាអ្នកដើរ (លឿន) តើដូចម្តេច។ 


ម្នាលភិក្ខុទាំងឡាយ ទិសណា 

ដែលគេមិនធ្លាប់ទៅ ដោយកាលយូរអង្វែងនេះ 

សភាវៈណា ដែលជាទីរម្ងាប់បង់ នូវសង្ខារទាំងពួង 

ជាទីលះបង់ នូវឧបធិទាំងពួង 

ជាទីអស់ទៅនៃតណ្ហា 

ជាទីប្រាសចាករាគៈ 

ជាទីរលត់ គឺព្រះនិព្វាន 


ភិក្ខុក្នុងសាសនានេះ ជាអ្នកដើរទៅកាន់ទិស 

និងសភាវៈនោះ ដោយឆាប់រួសរាន់បាន។ 


ម្នាលភិក្ខុទាំងឡាយ ភិក្ខុ

ជាអ្នកដើរ (លឿន) យ៉ាងនេះឯង។ 


ម្នាលភិក្ខុទាំងឡាយ 

ភិក្ខុប្រកបដោយធម៌ ៤ យ៉ាងនេះ 

ជាអ្នកគួរទទួលនូវទាន ដែលគេនាំមកបូជា 

ជាអ្នកគួរទទួលនូវអាគន្តុកទាន 

ជាអ្នកគួរទទួលនូវទក្ខិណាទាន 

ជាអ្នកគួរដល់អញ្ជលិកម្ម 

ជាបុញ្ញកេ្ខត្ត ដ៏ប្រសើររបស់សត្វលោក។


បិដក ភាគ ៤២ ទំព័រ ២៩៣ ដល់ ២៩៧

Previous Post Next Post