ចូឡបទុមជាតក (ព្រះបាទបទុមរាជ)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអផ្សុកមួយរូប
បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អយមេវ សា អហមបិ សោ អនញ្ញោ
ដូច្នេះជាដើម ។
រឿងរ៉ាវបច្ចុប្បន្ននឹងមានជាក់ច្បាស់ក្នុង ឧម្មាទន្តីជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ញាសនិបាត បិដកលេខ ៦១ ទំព័រ ១៤) ។
ភិក្ខុនោះត្រូវព្រះសាស្ដាសួរថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតមែនឬ ?
លោកឆ្លើយថា បពិត្រព្រះមានព្រះភាគ ពិតមែនហើយ ។
ព្រះសាស្ដាសួរថា អ្នកណាធ្វើឲ្យអ្នកអផ្សុក ?
លោកឆ្លើយថា
បពិត្រព្រះអង្គដ៏ចម្រើន
ខ្ញុំព្រះអង្គឃើញមាតុគ្រាមដែលប្រដាប់តាក់តែងដ៏ស្អាតមួយរូប
ទើបជាអ្នកបណ្ដោយតាមកិលេស ទៅជាអផ្សុកបែបនេះ ។
គ្រានោះ
ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា មាតុគ្រាម ជាមនុស្សអកតញ្ញូ
ជាមនុស្សទ្រុស្តមិត្រ មានមាយាច្រើន, សូម្បីបោរាណកបណ្ឌិតសុខចិត្តលះបង់ជីវិត
ឲ្យផឹកឈាមដែលហូរចេញពីជង្គង់ខាងស្ដាំរបស់ខ្លួនហើយក៏ដោយ ក៏បានមិនចិត្ត
(ស្មោះ) របស់មាតុគ្រាមដែរ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកថា
បពិត្រអើយ ក្នុងកាលដ៏ខណ្ឌខាំងកំបាំងស្ងាត់កន្លង រំលងយូរណាស់ទៅហើយ
ឰដ៏កាលនោះ ព្រះចៅក្រុងពារាណសី មានព្រះរាជបុត្រ ៧ អង្គ ។
បណ្ដាព្រះរាជឱរសទាំង ៧ អង្គនោះ
បទុមរាជកុមារពោធិសត្វជាបងច្បងលើរាជកុមារទាំងអស់ ។
កាលនោះព្រះចៅក្រុងពារាណសីជាព្រះវររាជបិតា ទ្រង់ព្រះចិន្ដាថាៈ
ព្រះរាជកុមារទាំងនេះតទៅ មុខជានឹងនាំគ្នាសម្លាប់អញ
ហើយដណ្ដើមយករាជសម្បត្តិតែសព្វ ៗ ខ្លួនពុំខានឡើយ,
លុះទ្រង់ព្រះចិន្ដាឈ្វេងយល់ដូច្នេះហើយ
ក៏កើតសេចក្ដីរង្កៀសសង្ស័យចំពោះព្រះរាជបុត្រាទាំងនោះ ទើបមានព្រះបន្ទូលថាៈ
ហៃបុត្រស្ងួនសម្លាញ់មាសឪពុកទាំងឡាយអើយ ! បាកុំនៅក្នុងទីនេះឡើយ
ចូរបានាំគ្នាចេញទៅនៅក្នុងទីដទៃសិនទៅ ទម្រាំតែដល់គ្រាដែលអំណើះឥតអំពីបិតាទៅ
សឹមបានាំគ្នាទទួលយករាជសម្បត្តិជាខាងក្រោយចុះ ។
ឯព្រះរាជកុមារទាំងនោះ
ព្រមទាំងភរិយារបស់ខ្លួន
ក៏នាំគ្នាថ្វាយបង្គំលាព្រះវរមាតាបិតាហើយចេញទៅអំពីនគរ ។ លុះដើរ ៗ
ទៅបានទៅដល់ផ្លូវដាច់ស្រយាល ក៏ដាច់បាយដាច់ទឹកនៅក្នុងកណ្ដាលអធ្វ័ន
រកស្បៀងអាហារបរិភោគពុំបាន ក៏បបួលគ្នាកាប់សម្លាប់ភរិយានៃព្រះរាជកុមារពៅជាមុន
ចែកសាច់ជា ១៣ ចំណែកហើយបរិភោគសាច់ ដែលជាចំណែករបស់ខ្លួនតែរៀង ៗ ខ្លួន ។
នឹងថ្លែងឯព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្ន ព្រះអង្គត្រូវបានពីរចំណែក
គឺព្រះអង្គ ១ ចំណែក ភរិយារបស់ព្រះអង្គ ១ ចំណែក ។
បណ្ដាចំណែកពីរដែលខ្លួននិងប្រពន្ធបានមកនោះព្រះអង្គបានតម្កល់ទុក ១ ចំណែក ៗ
រៀងរាល់ថ្ងៃមិនបរិភោគឡើយ បរិភោគតែ ១ ចំណែកជាមួយនឹងភរិយា ។ ឯកុមារទាំងនោះ
ក៏សម្លាប់ស្រ្ដីទាំង ៦ នាក់ ក្នុង ១ ថ្ងៃមួយ ៗ
យកសាច់មកចែកគ្នាបរិភោគតាមន័យនេះរៀងរាល់ថ្ងៃ រហូតមកដល់ថ្ងៃជាគម្រប់ ៦ ។
ចំណែកព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្នហេតុតែព្រះអង្គមានប្រាជ្ញាឈ្លាសវៃ
បានរំលែកទុកចំណែកដែលត្រូវបានខ្លួនមួយចំណែក ៗ តែរាល់ ៗ ថ្ងៃ ទើបដល់មកថ្ងៃទី ៧
ដែលត្រូវវេនសម្លាប់ភរិយារបស់ខ្លួននោះ ព្រះអង្គនៅសល់ចំណែកទាំង ៦
ដែលបានរំលែកលាក់ទុកពីថ្ងៃមុន ៗ មក ។ ព្រះអង្គក៏បានចំណែកទាំង ៦
ដល់ព្រះរាជកុមារទាំងឡាយ ដែលមានប្រាថ្នាដើម្បីនឹងសម្លាប់ភរិយារបស់ព្រះអង្គ
ហើយទ្រង់ពោលថាៈ ម្នាលអ្នកទាំងឡាយ ក្នុងថ្ងៃនេះ
អ្នកទាំងឡាយចូរបរិភោគចំណែកទាំងនេះសិនចុះ
ចាំដល់ថ្ងៃស្អែកសឹមយើងនឹងគិតលៃលកតទៅទៀត ។
លុះដល់វេលារាត្រី
កាលព្រះរាជកុមារទាំងលក់កំពុងដេកលក់ស៊ប់
ព្រះអង្គក៏នាំភរិយារបស់ព្រះអង្គរត់គេចទៅអំពីទីនោះ ។
លុះដើរឆ្ងាយបន្តិចទៅភរិយាអស់កម្លាំងមិនអាចដើរទៅទៀតបាន
ទើបព្រះអង្គក៏លើកភរិយាបញ្ជិះលើស្មាហើយខំប្រឹងដើរទៅ,
កាលព្រះអាទិត្យរះឡើងពេញពន្លឺ ក៏បានឆ្លងផ្លូវឆ្ងាយដាច់ស្រយាលនោះផុត ។
ឯភរិយាបាននិយាយថាៈ
បពិត្រអ្នកជាស្វាមី ខ្ញុំស្រេកទឹកខ្លាំងណាស់ ។ ព្រះបរមពោធិសត្វ
កាលណាបើរកទឹកពុំបានឲ្យភរិយាផឹក ក៏ចោះជង្គង់ខ្លួនដោយព្រះខាន់ដ៏មុត
យកឈាមឲ្យភរិយាផឹក ។ ជនទាំងពីរនាក់ ស្វាមីភរិយានោះ ដើរជាលំដាប់ទៅ
បានដល់មហាគង្គា ១ ក៏ធ្វើបណ្ណសាលា ១ នៅក្បែរទន្លេគង្គានោះ
ហើយក៏នាំគ្នានៅក្នុងទីនោះទៅ ។
កាលនោះមានពួកមនុស្សជាច្រើន
ចាប់បានចោរម្នាក់ដែលមានទោសកំហុសចំពោះព្រះរាជាហើយនាំយកទៅកាត់ដៃ-ជើង-ត្រចៀក
និងច្រមុះឲ្យកំបុតអស់ ហើយដាក់នៅក្នុងពោងពាយបណ្ដែតចោលទៅក្នុងទន្លេគង្គានោះទៅ
។ ឯបុរសកំបុតក៏ស្រែកថ្ងូរដោយសម្រែកដ៏ខ្លាំង ហើយអណ្ដែតទៅដល់ទីនោះ ។
ព្រះបរមពោធិសត្វបានឮសំឡេងនោះហើយក៏ទៅស្រង់លើកបុរសកំបុតនោះ
ដោយសេចក្ដីករុណាអាណិតអាសូរ នាំយកទៅកាន់បណ្ណសាលា បានធ្វើ
វណបដិកម្ម
គឺករិយាបិទរុំដំបៅ ដោយកិច្ចទាំងឡាយមានលាងនិងលាបរុំ ដោយសំពត់ជាដើម ។
ឯភរិយាព្រះបរមពោធិសត្វមហាបុរសរ័ត្ន ខ្ពើមរអើមបុរសកំបុតនោះពន់ពេក
ចេះតែខាកស្ដោះ ៗ រាល់ ៗថ្ងៃ ។
កាលនោះ
ព្រះបរមពោធិសត្វតែងទុកបុរសកំបុតនោះ ឲ្យនៅក្នុងអាស្រមជាមួយនឹងភរិយា
ហើយទ្រង់ចេញទៅស្វែងរកផលាផលដោយព្រះអង្គឯង នាំយកមកចិញ្ចឹមរក្សា
ទ្រង់ថែរក្សាបុរសកំបុតរៀងរាល់ថ្ងៃ ទាល់តែបានសះជារបួសនោះដោយស្រួលបួល ។
ឯនាងជាស្រីអប្រិយមានចិត្តគំនិតអាក្រក់ ក្បត់ចិត្តស្វាមីកាលបានឱកាសស្ងាត់ហើយ
ក៏លបលួចចងចិត្តប្រតិព័ទ្ធនឹងអាកំបុតឥតមានចិត្តកោតក្រែងដល់ស្វាមីបន្តិចបន្តួចឡើយ
ហើយក៏បានប្រព្រឹត្ត កាមេមិច្ឆាចារជាមួយនឹងអាកំបុតនោះទៅ, មិនតែប៉ុណ្ណោះសោត
គិតរកកលឧបាយនឹងសម្លាប់ព្រះពោធិសត្វជាស្វាមីរបស់ខ្លួនចោល
ហើយក៏ធ្វើជាក្លែងនិយាយថាៈ បពិត្រអ្នកស្វាមី
កាលដែលខ្ញុំជិះលើស្មាអ្នកចេញផុតអំពីផ្លូវឆ្ងាយដាច់ស្រយាលនោះមក បានឃើញភ្នំ ១
ធំ ហើយខ្ញុំក៏បានតាំងសច្ចាប្រណិធានបួងសួងបន់ស្រន់ថាៈ
បពិត្រលោកទេវតារក្សាភ្នំជាម្ចាស់ខ្ញុំអើយ !
បើសិនណាជាខ្ញុំព្រមទាំងស្វាមីរបស់ខ្ញុំជាបុគ្គលឥតមានជំងឺតម្កាត់អ្វី
ហើយបានរស់រួចជីវិតកាលណា
ខ្ញុំនឹងត្រឡប់មកធ្វើពលិកម្មបូជាដល់លោកក្នុងកាលនោះពុំខាន,
ឥឡូវនេះដល់ពេលដែលខ្ញុំនឹងត្រូវធ្វើពលិកម្មបូជាដល់ទេវតានោះ ។
នាងថាតែប៉ុណ្ណេះហើយ ក៏នាំព្រះពោធិសត្វទៅឯភ្នំនោះ
លុះដល់ហើយទើបនិយាយនឹងព្រះពោធិសត្វជាស្វាមីថាៈ បពិត្រអ្នកជាស្វាមី,
ខ្លួនអ្នកជាទេវតាដ៏ឧត្ដមបំផុត ខ្ញុំនឹងដើរប្រទក្សិណអ្នក ៣ ជុំ
ហើយថ្វាយបង្គំអ្នកជាមុនសិន
រួចហើយសឹមធ្វើពលិកម្មបូជាដល់ទេវតាក្នុងកាលជាខាងក្រោយ ។
ស្រីអប្រិយពោលពាក្យយ៉ាងនេះហើយ ក៏ឲ្យព្រះពោធិសត្វឈរបែរមុខឈមទៅរកជ្រោះភ្នំ
ហើយធ្វើអាការហាក់ដូចជាស្រីមានប្រាថ្នា
ដើម្បីថ្វាយបង្គំបូជាដោយផ្កាភ្ញីទាំងឡាយ
ឈរនៅពីខាងក្រោយខ្នងហើយច្រានព្រះពោធិសត្វទម្លាក់ទៅក្នុងជ្រោះភ្នំនោះទៅ ។
រួចហើយក៏ម្នីម្នាត្រឡប់វិលទៅកាន់សំណាក់បុរសកំបុតនោះវិញដោយប្រញាប់ប្រញាល់ ។
ឯព្រះពោធិសត្វមហាបុរសរ័ត្ន កាលដែលធ្លាក់ចុះទៅក្នុងជ្រោះនោះ
ហេតុតែបុណ្យសម្ភារព្រះបារមីដែលព្រះអង្គបានកសាងទុកមកពីបុព្វជាតិ
ក៏ធ្លាក់ទៅទើរលើគុម្ពឈើស៊ុមទ្រុំ ១ លើចុងឧទុម្ពរ ( ដើមល្វា ) ១ ដើម
ដែលជាឈើឥតបន្លាតែទ្រង់មិនអាចដើរចុះទៅក្នុងទីដទៃបានឡើយ
ក៏បេះផ្លែឧទុម្ពរអង្គុយបរិភោក្ដានៅលើប្រគាបមែកឈើនោះឯង ។ ជួនជាពេលនោះ
មានស្ដេចទន្សង ១ មានសរីរាវយវៈដ៏ធំ
ជាសត្វធ្លាប់ឡើងអំពីជើងភ្នំទៅរកស៊ីផ្លែល្វានោះ ។ សត្វទន្សោងនោះ
កាលឡើងមកស៊ីផ្លែឈើនោះស្រាប់តែក្រឡេកមើលទៅឃើញព្រះបរមពោធិសត្វ
ក៏មានសេចក្ដីវិស្សាសៈស្និទ្ធស្នាលនឹងព្រះអង្គ
ទើបសួររកហេតុដែលព្រះពោធិសត្វមកក្នុងទីនោះ,
កាលបានស្ដាប់ដឹងនូវសេចក្ដីនោះសព្វគ្រប់ហើយ
ក៏ឲ្យព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្នអង្គុយនៅលើខ្នងរបស់ខ្លួន
ហើយវារឡើងអំពីជ្រោះភ្នំនាំចេញទៅដាក់នៅនាមហាមគ៌ា
ហើយក៏ត្រឡប់វិលចូលទៅកាន់ព្រៃបាត់ទៅវិញ ។
ឯព្រះបរមពោធិសត្វទ្រង់ទៅកាន់បច្ចន្តគ្រាមហើយនៅក្នុងស្រុកនោះ,
លុះអំណើះឥតអំពីព្រះវររាជបិតាទៅក៏បានទទួលសោយរាជ្យជាស្ដេចទ្រង់ព្រះនាមថា
ព្រះបាទបទុមរាជ គ្រប់គ្រងរាជសម្បត្តិជាដំណតវង្សមក
ព្រះអង្គបានសាងសាលាសម្រាប់ឲ្យទាន ៦ ខ្នង ហើយចំណាយទ្រព្យក្នុង ១ ថ្ងៃ ៦
សែនកហាបណៈឲ្យទានតែរាល់ ៗ ថ្ងៃឥតមានលោះថ្ងៃណាមួយឡើយ ។
កាលនោះ ស្រីបាបអប្រិយកាឡកណ្ណីជួជាតិឥតល័ក្ខណ៍នោះ
បានបញ្ជិះអាកំបុតលើស្មាដើរចេញមកអំពីព្រៃ
ត្រាច់ដើរទៅស្វែមរកសូមទានបាយចំណីគេសព្វច្រកល្ហកឥតមានសោះចន្លោះ
ក្នុងផ្លូវជាលំនៅនៃមនុស្សម្នាមហាជនផង
យកមកចិញ្ចឹមរក្សាបុរសពិការនោះជាធម្មតាកាលបើមានគេសួរថាៈ
បុរសនេះត្រូវជាអ្វីនឹងនាង វាក៏តាំងពោលថ្លែងរៀបរាប់ប្រាប់ថា
យើងទាំងពីរនាក់ជាបងប្អូនជីដូនមួយនឹងគ្នា
គឺខ្លួនខ្ញុំជាធីតាខាងឪពុកខាងឪពុកធំខាងម្ដាយនៃបុរសនេះ, ឯបុរសនេះ
ជាកូនរបស់ម្ដាយមីងខ្ញុំ
ពួកចាស់ទុំបានផ្សុំផ្គុំខ្ញុំឲ្យជាភរិយានៃបុរសពិការនេះ ។
ខ្លួនខ្ញុំក៏ស៊ូតែខំប្រឹងថែរក្សាស្វាមីរបស់ខ្លួន
សូម្បីមានទោសធ្ងន់ដល់ថ្នាក់ ដែលគេត្រូវសម្លាប់ចោលយ៉ាងនេះក៏ដោយ
ចេះតែខំត្រេចស្វះស្វែងរកសូមទានបាយចំណីគេយកមកចិញ្ចឹមរក្សាគ្នាទៅ ។
ពួកមនុស្សបានឮសំដីសារស័ព្ទរៀបរាប់កុហកប្រាប់ដូច្នេះហើយក៏គិតថាៈ
នាងនេះជាមានសេចក្ដីគោរពប្រតិបត្តិប្ដីណាស់តើ ក៏នាំគ្នាឲ្យបាយបបរជាច្រើន
បានឲ្យទាំងកញ្រ្ចែងផ្ដៅ ១ យ៉ាងជាប់មាំ ហើយប្រាប់ថាៈ
នាងឯងចូរដាក់ប្ដីរបស់នាងឲ្យអង្គុយនៅក្នុងកញ្រ្ចែងនេះ ហើយទូលដើរទៅចុះ
ដើម្បីកុំឲ្យលំបាកនឹងបញ្ជិះលើស្មាពេក ។ នាងនោះក៏ធ្វើតាមបង្គាប់ដែលគេប្រាប់
ដូច្នោះហើយទូលដើររៀង ៗ ទៅដល់ក្រុងពារាណសី
ក៏ដាក់អាកំបុតចុះអំពីក្បាលឈប់សម្រាកបរិភោគអាហារចំណី
ក្នុងសាលាសម្រាប់ឲ្យទាននោះ រួចហើយនឹងត្រាច់រង្គាត់ទៅដើរទៅមុខទៀត ។
គាប់ជួនជាពេលនោះព្រះបរមពោធិសត្វ
ព្រះអង្គចេញទៅក្នុងរោងទាន
ដើម្បីព្រះរាជទានម្ហូបចំណីដល់ពួកមនុស្សម្នាមហាជនផងទាំងឡាយ
ដោយផ្ទាល់ព្រះហស្ដព្រះអង្គឯង រួចហើយត្រឡប់ចូលទៅកាន់ព្រះរាជនិវេសន៍វិញ ។
ស្រាប់តែឃើញស្រ្ដីនោះត្រង់ផ្លូវ ដែលទ្រង់យាងចូលទៅ
ហើយក៏ត្រាស់សួរអស់សួរអស់មនុស្សម្នាមហាជនទាំងឡាយថាៈ អ្វីនេះហ្នឹង !
អស់ពួកមនុស្សទាំងនោះក៏ក្រាបបង្គំទូលថាៈ បពិត្រព្រះសម្មតិទេព នាងនេះជាស្រ្ដីមានសេចក្ដីគោរពកោតក្រែងដល់ប្ដីរបស់ខ្លួន ។
ព្រះបរមពោធិសត្វ
ព្រះអង្គក៏ទ្រង់ប្រើរាជបម្រើឲ្យទៅហៅនាងនោះមកហើយទ្រង់ជ្រាបច្បាស់ថាជាភរិយារបស់ព្រះអង្គពីដើម
ទើបទ្រង់ឲ្យគេលើកបុរសពិកលពិការនោះចេញមកអំពីខាងក្នុងកញ្រ្ចែង
ហើយត្រាស់សួរសព្វគ្រប់អន្លើ ។
នាងនោះក៏បានថ្លែងសារស័ព្ទសេចក្ដី ក្រាបទូលសព្វគ្រប់សព្វគ្រប់តាមន័យ ដែលបានថ្លែងរួចមកហើយក្នុងខាងដើម ។
ព្រះរាជទ្រង់ត្រាស់សួរបញ្ជាក់ថាៈ
នាងឯងក្រែងជាភរិយារបស់បទុមកុមារជាធីតារបស់ស្ដេចឯណោះមែនឬ ?
ហើយជាស្រីមានឈ្មោះយ៉ាងនេះបានផឹកឈាមក្នុងជង្គង់របស់អញ
ហើយនាងឯងផិតក្បត់ចិត្តអញទៅលបលួចចងចិត្តប្រដិព័ទ្ធ ស្រឡាញ់អាកំបុតនេះ
បានច្រានអញទម្លាក់ទៅក្នុងជ្រោះភ្នំមែនឬ ? ឥឡូវនេះ
នាងឯងងងើលពកថ្ងាសមកក្នុងទីនេះដោយស្មានថាអញស្លាប់បាត់ក្នុងជ្រោះភ្នំនោះទៅហើយ
។ រួចទ្រង់ត្រាស់គាថាទាំងនេះថា
អយមេវ សា អហមបិ សោ អនញ្ញោ, អយមេវ សោ ហត្ថច្ឆិន្នោ អនញ្ញោ;
យមាហ ‘កោមារបតី មម’ន្តិ, វជ្ឈិត្ថិយោ នត្ថិ ឥត្ថីសុ សច្ចំ។
ស្រ្តីទ្រុស្តសីលនោះគឺមេនេះឯង
បទុមកុមារនោះ មិនមែនអ្នកដទៃឡើយ គឺអញនេះឯង (ស្រ្តីនោះ) និយាយចំពោះបុរសណាថា
ជាប្ដីអំពីក្មេងរបស់អញ បុរសនោះ មានដៃកំបុតមិនមែនអ្នកដទៃឡើយ គឺអាកំបុតនោះឯង
ស្ត្រីទាំងឡាយត្រូវគេសម្លាប់ចោល ព្រោះស្រ្តីទាំងឡាយមិនមានពាក្យសច្ចៈ ។
ឥមញ្ច ជម្មំ មុសលេន ហន្ត្វា, លុទ្ទំ ឆវំ បរទារូបសេវិំ;
ឥមិស្សា ច នំ បាបបតិព្ពតាយ, ជីវន្តិយា ឆិន្ទថ កណ្ណនាសំ។
អ្នកទាំងឡាយ
ចូរសំពងបុរសលាមកអាក្រក់ ប្រាកដស្មើដោយសាកសព ដែលសេពនូវប្រពន្ធ
នៃបុគ្គលដទៃនេះ ដោយអង្រែផង ហើយកាត់ត្រចៀកនិងច្រមុះ
នៃស្រ្តីដែលរស់នៅគោរពប្ដីអាក្រក់នេះផង ។
ព្រះពោធិសត្វធ្វើអាការៈគំរាមកំហែងយ៉ាងនេះ
ដើម្បីបង្អន់សេចក្ដីក្រោធប៉ុណ្ណោះទេ
ប៉ុន្តែព្រះអង្គមិនបានឲ្យគេធ្វើដូច្នោះឡើយ ។
រួចហើយព្រះអង្គប្រើរាជអាមាត្យឲ្យចងកញ្រ្ចែងលើក្បាលនាងនោះ ដូចដើមវិញយ៉ាងណែន
ធ្វើមិនឲ្យនាងស្រាយចេញពីក្បាលបាន ហើយឲ្យដាក់អាកំបុតទៅក្នុងកញ្រ្ចែងនោះ
ឲ្យនាងទូលដរាបអស់ជីវិត ហើយទ្រង់ត្រាស់ឲ្យអាមាត្យនាំចេញយកទៅចោល
ឲ្យផុតអំពីព្រំប្រទល់ដែនរបស់ព្រះអង្គ ។
ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ
ទ្រង់ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌
ភិក្ខុដែលអផ្សុកបានតាំងនៅក្នុងសោតាបត្តិផល រួចទ្រង់ប្រជុំជាតកថា
តទា ឆ ភាតរោ អញ្ញតរា ថេរា អហេសុំ បងប្អូនទាំង ៦ ក្នុងកាលនោះបានមកជាព្រះថេរៈ ៦ អង្គ
ភរិយា ចិញ្ចមាណវិកា ភរិយាបានមកជានាងចិញ្ចមាណវិកា
កុណ្ឋោ ទេវទត្តោ បុរសកំបុតបានមកជាទេវទត្ត
គោធរាជា អានន្ទោ ស្ដេចទន្សងបានមកជាអានន្ទ
បទុមរាជា បន អហមេវ អហោសិំ ចំណែកព្រះបាទបទុមរាជ គឺតថាគតនេះឯង ។
ចូឡបទុមជាតក ចប់ ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត រុហកវគ្គ ចូឡបទុមជាតក)
ឃុនសោភ័ណភក្ដី អិម – ភន
ប្រែនិងរៀបរៀង
ប្រែបន្ថែម (សេចក្ដីផ្ដើម និងសេចក្ដីបញ្ចប់) និងពិនិត្យឡើងវិញ
ដោយសដវថ
Tags:
Business Buddhism







