វាសនាខ្មែរ៖ សង្គ្រាមស៊ីសាច់ហុតឈាមចែកទឹកដី សៀម-អាណ្ណាម (១៧៦៩-១៨៤៥)

 វាសនាខ្មែរ៖ សង្គ្រាមស៊ីសាច់ហុតឈាមចែកទឹកដី សៀម-អាណ្ណាម (១៧៦៩-១៨៤៥)

​— បទពិសោធន៍ភូមិសាស្ត្រនយោបាយ និងស្រមោលអតីតកាលមុនសម័យអាណានិគម


​«នៅពេលក្រឡេកមើលផែនទីពិភពលោក និងតំបន់ សំណួរដ៏ធំមួយតែងតែលេចឡើង៖ នៅក្នុងយុគសម័យដែលរដ្ឋខ្លាំងៗ និងអាណាចក្រធំៗជាច្រើននៅលើពិភពលោកត្រូវបានរលាយបាត់រូបរាង ឬត្រូវបានគេលេបត្របាក់ទាំងស្រុង តើកត្តាអ្វីដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជានៅតែអាចរក្សាបាននូវទឹកដី និងអត្តសញ្ញាណជាតិមកដល់សព្វថ្ងៃ? តើនេះជា "សំណាងត្រឹមមួយពេល" នៃប្រវត្តិសាស្ត្រ ឬមួយក៏ជាលទ្ធផលនៃការតស៊ូដ៏ប្តូរផ្តាច់ និងភាពវៃឆ្លាតផ្នែកការទូតរបស់បុព្វបុរសខ្មែរ?»

ប្រវត្តិសាស្ត្រនៃរដ្ឋតូចមួយដែលស្ថិតនៅចន្លោះមហាអំណាចតំបន់ពីរ តែងតែត្រូវបានសរសេរឡើងដោយឈាម ទឹកភ្នែក និងការបាត់បង់អធិបតេយ្យភាព។ មុនពេលដែលពន្លឺនៃអាណានិគមនិយមបារាំងបានឈានជើងចូលមកដល់ដែនដីសុវណ្ណភូមិក្នុងឆ្នាំ១៨៦៣ ព្រះរាជាណាចក្រកម្ពុជាបានឆ្លងកាត់នូវយុគសម័យដ៏ខ្មៅងងឹតបំផុតមួយ គឺយុគសម័យនៃ «សង្គ្រាមស៊ីសាច់ហុតឈាមរវាងសៀម និងអាណ្ណាម»។ នេះមិនមែនគ្រាន់តែជាជម្លោះព្រំដែនធម្មតានោះទេ ប៉ុន្តែវាជាសង្គ្រាមភូមិសាស្ត្រនយោបាយលក្ខណៈរចនាសម្ព័ន្ធ ដែលមហាអំណាចទាំងពីរបានប្រើប្រាស់ទឹកដីខ្មែរជាសមរភូមិកាត់សេចក្តី និងប្រើប្រាស់រាជវង្សខ្មែរជាដើម្បីលូកដៃដណ្តើមឥទ្ធិពលគ្នាទៅវិញទៅមក។


១. ភ្លើងសង្គ្រាមស៊ីសាច់ហុតឈាម ដំណាក់កាលទី១ (១៧៦៩-១៧៧៨) — របត់នៃស្តេចសឹកទាំងពីរ


​បន្ទាប់ពីការដួលរលំនៃក្រុងអយុធ្យាដោយសារស្នាដៃភូមាភូមិភាគខាងលិចក្នុងឆ្នាំ១៧៦៧ ដែនដីសៀមហាក់ដូចជាបាត់បង់បង្គោលគ្រឹះ។ ប៉ុន្តែ ការលេចឡើងនៃបុរសខ្លាំង ព្រះចៅតាកស៊ីន (Taksin) ដែលជាមេទ័ពមានឈាមជ័រចិន បានវាយបកបណ្តេញសត្រូវ និងប្រមូលផ្តុំអំណាចឡើងវិញដោយបង្កើតរាជធានីធនបុរី។ នៅពេលតាកស៊ីនទាមទារឱ្យព្រះបាទអង្គទង (ស្តេចខ្មែរនាពេលនោះ) ថ្វាយសួយសារអាករ ព្រះមហាក្សត្រខ្មែរបានបដិសេធ ដោយសារតែការមើលងាយលើដើមកំណើតជនជាតិភាគតិចរបស់តាកស៊ីន។ ភ្លើងកំហឹងភូមិសាស្ត្រនយោបាយក៏បានឆាបឆេះឡើង។


​ខ្មែរបានសម្រេចចិត្តចងសម្ព័ន្ធភាពជាមួយ ម៉ាក់ ធៀនទូ (Mac Thien Tu) អភិបាលដែនដីហាទៀន (បន្ទាយមាស) ដែលជាមេដឹកនាំកូនចាត់ចិនចំណុះឱ្យសម័យព្រះអម្ចាស់ង្វៀន (Nguyen Lords: 1558 – 1777) នៃព្រះរាជាណាចក្រអាណ្ណាម (វៀតណាម- ការលេបត្របាក់យកតំបន់ដីសណ្តទន្លេមេគង្គ "កម្ពុជាក្រោម" ទាំងមូល តាមរយៈការបញ្ជូនជនភៀសខ្លួនចិន និងកងទ័ពឱ្យមកបង្កើតមូលដ្ឋានយោធានៅទីក្រុងព្រៃនគរ"Gia Dinh"និងតំបន់ហាទៀន"Ha Tien")។ នៅខែកញ្ញា ឆ្នាំ១៧៦៩ កងទ័ពអាណ្ណាមដឹកនាំដោយលោក ធៀនទូ បានវាយលុកចូលឆ្នេរខាងកើតរបស់សៀម (ខេត្តចន្ទបុរី និងត្រាត)។ ទោះបីជាមេរោគប៉េស្ត (*Rinderpest: 1768–1786) បានបង្ខំឱ្យទ័ពអាណ្ណាមដកថយវិញក៏ដោយ ក៏វាក្លាយជាដើមចមនៃការសងសឹកដ៏ធំពីសំណាក់សៀម។


​នៅឆ្នាំ១៧៧១ ព្រះចៅតាកស៊ីនបានបើកការវាយលុកទ្រង់ទ្រាយធំពីរទិសដៅ៖ 

▪︎ ទ័ពជើងគោក១ម៉ឺននាក់វាយលុកចូលតាមព្រំដែនខាងលិចកម្ពុជា និងទ័ពជើងទឹក១ម៉ឺននាក់វាយកម្ទេចនិងដុតបំផ្លាញទីក្រុងហាទៀនឱ្យក្លាយជាផេះផង់។ បន្ទាប់មក កងទ័ពសៀមបានវាយសម្រុកឡើងមកភាគខាងជើង រហូតដល់រាជធានីភ្នំពេញ។ ព្រះចៅតាកស៊ីនបានបណ្តេញព្រះបាទអង្គទង ហើយលើក ព្រះបាទអង្គនន់ (អតីតព្រះអង្គម្ចាស់ខ្មែរដែលបានរត់ភៀសខ្លួនទៅសៀម និងជាមិត្តជិតស្និទ្ធរបស់តាកស៊ីន) ឱ្យឡើងគ្រងរាជ្យជាស្តេចអាយ៉ងតំណាងឱ្យឥទ្ធិពលសៀម។


▪︎ ​ទោះបីជាមានការវាយបកវិញពីសំណាក់កងទ័ពអាណ្ណាមនៅឆ្នាំ១៧៧២ ដែលបង្ខំឱ្យតាកស៊ីនដុតបំផ្លាញក្រុងភ្នំពេញមុនពេលដកថយទៅហាទៀនក៏ដោយ ក៏ស្ថានភាពប្រែប្រួលដោយសារតែសង្គ្រាមស៊ីវិលនៅវៀតណាម (ការបះបោរតៃស៊ុន ឬសង្គ្រាមស៊ីវិល - Tay Son Rebellion: 1771–1802)។ ការដកទ័ពអាណ្ណាមត្រឡប់ទៅស្រុកវិញដើម្បីបង្ក្រាបឧទ្ទាម បានធ្វើឱ្យព្រះបាទអង្គទងបាត់បង់បង្អែក និងសុខចិត្តដាក់រាជ្យថ្វាយព្រះបាទអង្គនន់។ នៅឆ្នាំ១៧៧៨ ព្រះអង្គម្ចាស់ ង្វៀន ភូកអាញ់ (Nguyen Phuc Anh) ដែលជាអ្នករស់រានមានជីវិតតែម្នាក់គត់ពីការកាប់សម្លាប់របស់ពួកតៃស៊ុន បានសម្រេចចិត្តចងសម្ព័ន្ធភាពរក្សាសន្តិភាពជាមួយសៀម ដើម្បីប្រមូលផ្តុំកម្លាំងវាយបកក្នុងស្រុក។ 

សង្គ្រាមដំណាក់កាលទី១ បានបញ្ចប់ទៅដោយការទុកឱ្យ «សៀម» ក្លាយជាអ្នកត្រួតត្រាលើវាសនារបស់កម្ពុជា។


២. របត់រាជវង្សថ្មី និងការរៀបចំតុល្យភាពអំណាចឡើងវិញ

​របត់ប្រវត្តិសាស្ត្របានផ្លាស់ប្តូរម្តងទៀតនៅឆ្នាំ១៧៨២៖

ក- ​នៅសៀម៖ ព្រះចៅតាកស៊ីនត្រូវបានធ្វើគតបន្ទាប់ពីមានអាការរោគវិកលចរិត ហើយមេទ័ពកំពូលរបស់ព្រះអង្គបានឡើងគ្រងរាជ្យជា ព្រះចៅរាមាទី១ (Rama I) ដោយបង្កើតរាជវង្សចក្រី (Chakri Dynasty: 1782-សព្វថ្ងៃ)។

ខ- ​នៅវៀតណាម៖ លោក ង្វៀន ភូអាញ់ ដោយមានការគាំទ្រផ្នែកយោធាពីសៀម (ទោះបីជាធ្លាប់ចាញ់ល្បិចដណ្តើមជ័យជ័យជំនះរបស់ពួកតៃស៊ុននៅសមរភូមិឆ្នាំ១៧៨៥ ក៏ដោយ) បានវាយបង្ក្រាបពួកតៃស៊ុនទាំងស្រុង និងប្រកាសខ្លួនជាអធិរាជ យ៉ា ឡុង (Gia Long) នៃរាជវង្សង្វៀន ក្នុងឆ្នាំ១៨០២ (ដល់ ២៥ សីហា ១៩៤៥)។

ទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អរវាងព្រះចៅរាមាទី១ និងអធិរាជយ៉ាឡុង បានធ្វើឱ្យកម្ពុជាទទួលបាននូវសន្តិភាពមួយរយៈពេលខ្លី បើទោះជាត្រូវស្ថិតក្រោមស្ថានភាពជា «រដ្ឋចំណុះទ្វេភាគី» (Double Vassalage) ក៏ដោយ។ ប៉ុន្តែ សន្តិភាពបណ្តោះអាសន្ននេះមិនអាចទ្រាំទ្រនឹងមហិច្ឆតានៅសតវត្សរ៍ថ្មីបានឡើយ។

៣. យុគសម័យសង្គ្រាមបន្តបន្ទាប់ (១៨៣៣-១៨៣៤ និង ១៨៤០-១៨៤៥) — ការប៉ុនប៉ងលុបបំបាត់អត្តសញ្ញាណជាតិខ្មែរ

បន្ទាប់ពីការសោយទិវង្គតរបស់អធិរាជយ៉ាឡុង ទំនាក់ទំនងរវាងបាងកក និងក្រុងហ្វេ (Hue) បានប្រែប្រួលពីមិត្តភាពមកជាការប្រឈមមុខដាក់គ្នា។ អធិរាជថ្មីរបស់វៀតណាមគឺ ព្រះចៅមិញ ម៉ាង (Minh Mang) បានអនុវត្តនយោបាយលេបទឹកដី និងធ្វើសមាហរណកម្មវប្បធម៌ (Assimilation Policy) មកលើកម្ពុជាយ៉ាងសាហាវព្រៃផ្សៃបំផុត។ វៀតណាមបានលុបបំបាត់ឈ្មោះខេត្ត-ក្រុងខ្មែរ បង្ខំឱ្យប្រជាជនខ្មែរផ្លាស់ប្តូរទំនៀមទម្លាប់ ស្លៀកពាក់បែបយួន និងកោរសក់ ព្រមទាំងបានតែងតាំងក្សត្រីអង្គម៉ី ជាស្តេចគ្មានអំណាច។


តថភាពដ៏ឈឺចាប់នេះបានរុញច្រានឱ្យមានការផ្ទុះឡើងនូវ សង្គ្រាមសៀម-អាណ្ណាម ឆ្នាំ១៨៣៣-១៨៣៤។ សៀមក្រោមការដឹកនាំរបស់ព្រះចៅរាមាទី៣ បានព្យាយាមបើកការវាយលុកដើម្បីបណ្តេញឥទ្ធិពលអាណ្ណាមចេញពីកម្ពុជា ប៉ុន្តែត្រូវបានបរាជ័យដោយសារយុទ្ធសាស្ត្រវាយបករក្សារបស់ទ័ពអាណ្ណាម។

​ទោះជាយ៉ាងណា ការគៀបសង្កត់របស់វៀតណាមបានធ្វើឱ្យប្រជាជនខ្មែរគ្រប់ទិសទីក្រោកឈរឡើងបះបោរ ដែលនាំទៅដល់ សង្គ្រាមសៀម-អាណ្ណាម ឆ្នាំ១៨៤០-១៨៤៥។ សង្គ្រាមដំណាក់កាលចុងក្រោយនេះ គឺជាសង្គ្រាមដែលបំផ្លិចបំផ្លាញបំផុត (War of Attrition)។ កងទ័ពសៀមបានបញ្ជូនមេទ័ពកំពូលគឺ ចៅ ឃុន បឌិន ឬ ចៅព្រះយាបដិន្ទ្រតេជៈ (Bodindecha: អ្នកកម្ទេចកូនស្តេចឡាវ Anouvong" ព្រះអង្គម្ចាស់ Raxavong Ngao - Battle of Bokwan, ១៨២៧-២៨) ឱ្យមកជួយគាំទ្រចលនាតស៊ូរបស់ខ្មែរ ដឹកនាំដោយព្រះអង្គដួង។ សមរភូមិជាច្រើនបានកើតឡើងពាសពេញផ្ទៃប្រទេស កម្ពុជាបានក្លាយជាដែនដីអនាធិបតេយ្យដែលត្រូវបានហែកហួរដោយមហាអំណាចទាំងពីរគ្មានមេត្តា។

សង្គ្រាមដ៏រ៉ាំរ៉ៃនេះបានបញ្ចប់ទៅវិញដោយសារតែការនឿយណាយ និងការយល់ឃើញពីគ្រោះថ្នាក់នៃការមកដល់នៃអាណានិគមនិយម (**បារាំង-អង់គ្លេស)។ នៅឆ្នាំ១៨៤៥ ប្រទេសទាំងពីរ (សៀម និងអាណ្ណាម) បានព្រមព្រៀងគ្នាបិទបញ្ចប់សង្គ្រាម តាមរយៈការដកទ័ពរៀងៗខ្លួន និងយល់ព្រមរួមគ្នាទទួលស្គាល់ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះអង្គដួង) ឱ្យឡើងគ្រងរាជ្យជាផ្លូវការនៅឆ្នាំ១៨៤៧ ដោយកម្ពុជាត្រូវបន្តថ្វាយសួយសារអាករទៅឱ្យទាំងបាងកក និងទីក្រុងហ្វេដដែល (រហូតដល់ឆ្នាំ១៨៦៣)។


៤. បទពិសោធន៍ភូមិសាស្ត្រនយោបាយសម្រាប់កម្ពុជានាពេលបច្ចុប្បន្ន

​ការសិក្សាពីសង្គ្រាមសៀម-អណ្ណាម (១៧៦៩-១៨៤៥) មិនមែនគ្រាន់តែជាការរំលឹកឡើងវិញនូវការឈឺចាប់ក្នុងប្រវត្តិសាស្ត្រនោះទេ ប៉ុន្តែវាជា «កញ្ចក់ឆ្លុះភូមិសាស្ត្រនយោបាយ» ដ៏មានតម្លៃសម្រាប់កម្ពុជានាពេលបច្ចុប្បន្ន។


ប្រសិនបើមេរៀនប្រវត្តិសាស្ត្រសតវត្សរ៍ទី១៨ និងទី១៩ បង្រៀនយើងថា ការធ្លាក់ចូលក្នុងអន្ទាក់ទ្វេភាគីជាមួយប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នា នាំទៅរកការហែកហួរទឹកដី នោះនយោបាយការបរទេសកម្ពុជានាសតវត្សរ៍ទី២១ គឺការមិនអនុញ្ញាតឱ្យប្រវត្តិសាស្ត្រដដែលនោះកើតឡើងជាដាច់ខាត។ កម្ពុជានាពេលបច្ចុប្បន្នបានបំប្លែងខ្សែបន្ទាត់ការទូតពី «ការទប់ទល់ទ្វេភាគីដ៏ទន់ខ្សោយ» មកជា «ការលេងល្បែងតុល្យភាពអំណាចពហុថ្នាក់» ដោយទាញយកផលប្រយោជន៍ពីមហាអំណាចសាកល និងមហាអំណាចកណ្តាល មកធ្វើជាបង្អែកយុទ្ធសាស្ត្រ ដូចខាងក្រោម៖

ក. ស្រទាប់ទី១៖ ធ្នឹមដែកនៃមហាអំណាចសាកល (ចិន, អាមេរិក, រុស្ស៊ី)

​ដើម្បីទប់ទល់នឹងសម្ពាធភូមិសាស្ត្រនយោបាយដែលហ៊ុំព័ទ្ធដោយរដ្ឋជិតខាង កម្ពុជាត្រូវកសាងទំនាក់ទំនងស៊ីជម្រៅជាមួយមហាអំណាចស្នូលទាំងបី ដែលមានឥទ្ធិពលលើសណ្តាប់ធ្នាប់ពិភពលោក៖


▪︎ មហាអំណាចចិន៖ ចិនគឺជាបង្អែកដ៏រឹងមាំបំផុតរបស់កម្ពុជាទាំងលើវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ។ ទំនាក់ទំនងកម្ពុជា-ចិន មិនត្រឹមតែជួយជម្រុញការអភិវឌ្ឍផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែវត្តមានយុទ្ធសាស្ត្ររបស់ចិនគឺជា «កត្តារារាំង (Deterrent Factor)» ដ៏មានប្រសិទ្ធភាពបំផុត ដែលធ្វើឱ្យប្រទេសជិតខាងទាំងទិសខាងកើត និងទិសខាងលិច ត្រូវគិតគូរឱ្យបានដិតដល់មុននឹងឈានជើងរំលោភបំពានលើផលប្រយោជន៍ស្នូលរបស់កម្ពុជា។


▪︎ មហាអំណាចអាមេរិក និងលោកខាងលិច៖ ទោះបីជាមានភាពរកាំរកូសខ្លះក្នុងរបៀបវារៈប្រជាធិបតេយ្យ ប៉ុន្តែកម្ពុជាតែងតែព្យាយាមរក្សាច្រកទ្វារចំហជាមួយវ៉ាស៊ីនតោន។ ការរក្សាតុល្យភាពជាមួយអាមេរិក គឺជាការបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាមិនបានដាក់ពងទាំងអស់ក្នុងកន្ត្រករបស់ចិននោះទេ ហើយវាក៏ជាឧបករណ៍ការទូតជួយកាត់បន្ថយសម្ពាធពីប្លុកខាងលិច ដែលថៃ និងវៀតណាមតែងតែព្យាយាមប្រើប្រាស់ដើម្បីចំណេញប្រៀបការទូតលើកម្ពុជា។


▪︎ មហាអំណាចរុស្ស៊ី៖ ទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏រឹងមាំជាមួយរុស្ស៊ី គឺជាសន្លឹកបៀរការទូតដ៏ពិសេស។ ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយមូស្គូ (ដូចជាការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន) ជួយឱ្យកម្ពុជាពង្រីកមុំការបរទេសរបស់ខ្លួនឱ្យកាន់តែមានឥទ្ធិពល មិនត្រឹមតែថ្នាក់តំបន់ប៉ុណ្ណោះទេ ប៉ុន្តែរហូតដល់កម្រិតសកល ស្របពេលដែលរុស្ស៊ីមានទំនាក់ទំនងប្រពៃណីស៊ីជម្រៅជាមួយវៀតណាម ដែលជាកត្តាជួយសម្របសម្រួលលំនឹងអំណាចដោយប្រយោល។


​ខ. ស្រទាប់ទី២៖ ខែលការពារពីមហាអំណាចកណ្តាល (ឥណ្ឌា, ជប៉ុន, អូស្ត្រាលី)

​ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងសង្គ្រាមត្រជាក់រវាង ចិន និងអាមេរិក កម្ពុជាបានពង្រឹងរណសិរ្សការទូតទីពីរ ជាមួយក្រុម «មហាអំណាចកណ្តាល (Middle Powers)» ដែលជាតួអង្គមិនគាំទ្រការបង្ខំឱ្យជ្រើសរើសប្លុក៖

▪︎ ​ជប៉ុន៖ ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ដែលកម្ពុជាទុកចិត្តបំផុត។ ឥទ្ធិពលទន់ (Soft Power) និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ជប៉ុន (ដូចជាកំពង់ផែស្វយ័តក្រុងព្រះសីហនុ) ជួយឱ្យកម្ពុជាមានឯករាជ្យភាពសេដ្ឋកិច្ចខ្ពស់ មិនពឹងផ្អែកលើប្រទេសជិតខាង និងមិនលំអៀងទៅរកមហាអំណាចណាមួយដាច់ខាត។


▪︎ ​ឥណ្ឌា៖ ក្នុងនាមជាប្រទេសដើមកំណើតវប្បធម៌ និងជាតួអង្គឈានមុខនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ការពង្រឹងចំណងមិត្តភាពជាមួយញូវដេលី ជួយឱ្យកម្ពុជាមានច្រកចេញខាងយុទ្ធសាស្ត្រ និងសន្តិសុខបច្ចេកវិទ្យាថ្មីៗ ពិសេសគឺការទប់ទល់នឹងឥទ្ធិពលគ្របដណ្តប់ផ្នែកសន្តិសុខម៉ារីថែម (Maritime Security) ក្នុងតំបន់។


▪︎ ​អូស្ត្រាលី៖ កិច្ចសហប្រតិបត្តិការជាមួយកង់ប៊េរ៉ា លើវិស័យអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងសន្តិសុខព្រំដែន ជួយលើកកម្ពស់សមត្ថភាពស្ថាប័នរបស់កម្ពុជា ឱ្យស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

គ. ស្រទាប់ទី៣៖ អាវក្រោះពហុភាគីនិយមនៃមហាអំណាចអាស៊ាន (Indonesia, Singapore, Malaysia, Philippines)

​នៅក្នុងរង្វង់គ្រួសារអាស៊ាន កម្ពុជាមិននៅឯកោឡើយ។ យុទ្ធសាស្ត្រវៃឆ្លាតគឺការបង្កើត «សម្ព័ន្ធភាពមិត្តភាពមនោសញ្ចេតនា និងផលប្រយោជន៍» ជាមួយបណ្តាប្រទេសដែនកោះ និងពហុភាគីក្នុងអាស៊ាន ដើម្បីបង្កើតជារនាំងយុទ្ធសាស្ត្រ៖

▪︎ ​ឥណ្ឌូនេស៊ី សឹង្ហបូរី និងម៉ាឡេស៊ី៖ ក្នុងនាមជាមហាអំណាចភូមិសាស្ត្រ និងសេដ្ឋកិច្ចស្នូលរបស់អាស៊ាន ការបង្កើនភាពជិតស្និទ្ធជាមួយហ្សាកាតា និងគូឡាឡាំពួរ ជួយឱ្យកម្ពុជាមានសំឡេងគាំទ្រយ៉ាងរឹងមាំនៅក្នុងយន្តការសម្រេចចិត្តរបស់តំបន់។ នៅពេលកម្ពុជាមានទំនាក់ទំនងល្អជាមួយមេដឹកនាំអាស៊ានទាំងនេះ វៀតណាម និងថៃ មិនអាចប្រើប្រាស់ឥទ្ធិពល ឬយន្តការអាស៊ានដើម្បីដាក់សម្ពាធ ឬដកកម្ពុជាចេញពីរបៀបវារៈតំបន់បានឡើយ។


▪︎ វេទិកាអាស៊ាននានា៖ ការចូលរួមយ៉ាងសកម្មរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅក្នុងវេទិកាទាំងនេះ គឺជាការប្រើប្រាស់ «ការទូតពហុទិស» ដើម្បីបំបែកការប៉ុនប៉ងណាមួយដែលចង់រុញកម្ពុជាឱ្យស្ថិតក្រោមស្រមោលឥទ្ធិពលទ្វេភាគីជិតខាង។ វាជាការប្រកាសក្តែងៗថា កម្ពុជាគឺជាសមាជិកស្មើភាព និងជាអ្នករួមចំណែកកំណត់អនាគតតំបន់ មិនមែនជារដ្ឋរណបនោះទេ។


សន្និដ្ឋាន៖ ពី «កូនអុក» មកជា «អ្នកលេងអុក»

​ប្រវត្តិសាស្ត្រចន្លោះឆ្នាំ១៧៦៩ ដល់ ១៨៤៥ គឺជាមេរៀនដ៏គ្រោតគ្រាតដែលបង្ហាញថា នៅពេលកម្ពុជាទន់ខ្សោយ និងបែកបាក់ផ្ទៃក្នុង យើងនឹងក្លាយជា «កូនអុក» លើក្តារខៀនដែលសៀម និងអាណ្ណាមជាអ្នកដើរ និងកាត់ទឹកដីចែកគ្នា។

ប៉ុន្តែ នយោបាយការបរទេសកម្ពុជានាពេលបច្ចុប្បន្ន បានផ្លាស់ប្តូរទម្រង់ទាំងស្រុង។ តាមរយៈការអនុវត្ត «នយោបាយការបរទេសឯករាជ្យ ពហុទិស និងផ្អែកលើច្បាប់អន្តរជាតិ» កម្ពុជាបានបំប្លែងខ្លួនពី «កូនអុក» មកជា «អ្នកលេងអុកដ៏វៃឆ្លាតម្នាក់»។ យើងប្រើប្រាស់កម្លាំងសេដ្ឋកិច្ចចិន, រក្សាតុល្យភាពជាមួយអាមេរិក, បើកច្រកយុទ្ធសាស្ត្រជាមួយរុស្ស៊ី, ចងមិត្តជាមួយជប៉ុន-ឥណ្ឌា-អូស្ត្រាលី និងឈរជើងយ៉ាងរឹងមាំលើគ្រឹះពហុភាគីនិយមរបស់អាស៊ាន។


បណ្តាញតុល្យភាពអំណាចដ៏ខ្វាត់ខ្វែង និងស្មុគស្មាញនេះឯង គឺជា «ខែលការពារ និងជាអាវក្រោះ» ដែលធានាយ៉ាងពិតប្រាកដថា ស្រមោលអតីតកាលនៃការជិះជាន់ ការលុបបំបាត់អត្តសញ្ញាណជាតិ ឬការបែងចែកទឹកដីពីសំណាក់មហាអំណាចតំបន់ នឹងមិនអាចត្រឡប់មកលងបន្លាចដែនដីសុវណ្ណភូមិជាលើកទីពីរបានឡើយ។ វាសនាខ្មែរ ត្រូវតែសម្រេចដោយដៃខ្មែរ ក្រោមដំបូលនៃសន្តិភាព ឯករាជ្យភាព និងអធិបតេយ្យភាពពេញលេញ បរិបូរណ៍។


​«នៅចន្លោះឆ្នាំ១៧៦៩ ដល់ ១៨៤៥ រាល់ពេលដែលរាជវង្សខ្មែរបែកបាក់គ្នា ម្ខាងរត់ទៅពឹងសៀម ម្ខាងរត់ទៅពឹងអាណ្ណាម តើអ្នកណាជាអ្នករងគ្រោះពិតប្រាកដ ប្រសិនបើមិនមែនជាប្រជារាស្ត្រស្លូតត្រង់ និងទឹកដីមាតុភូមិដែលត្រូវហែកហួរ? ក្នុងបរិបទភូមិសាស្ត្រនយោបាយនាឆ្នាំ២០២៦ នេះ តើកូនខ្មែរគ្រប់រូបបានយល់ច្បាស់ហើយឬនៅថា ស្មារតីសាមគ្គីភាព និងធ្លុងឯកភាពជាតិផ្ទៃក្នុង គឺជា "អាវក្រោះ" តែមួយគត់ដែលអាចការពារអនាគតជាតិសាសន៍យើងបាន?»


Join us: https://t.me/TheRealpolitikHouse


អត្ថបទ៖ បណ្ឌិត ញិល រដ្ឋា 


ប្រភព៖ Braginskiĭ, V. I. (Ed.), ​Chandler, D., ​Cooke, N., & Li, T. (Eds.), ​Corfield, J., ​czasopisma.uni.lodz

, Jacobsen, ebsco,  njh, phersu-atlas,  thesiamsociety

, T., ​Thun, T., Tourism Thailand. (n.d.), ​Trongdee, T.

Previous Post Next Post