ក្បួនសឹក ស៊ុន អ៊ូ មានប្រវត្តិ ២៥០០ឆ្នាំមកហើយ
តែក្បួននេះនៅមានតម្លៃសម្រាប់ការសិក្សា
និងពិចារណាក្នុងយុទ្ធសាស្ត្រសង្គ្រាមសម័យទំនើប។ ស៊ុន អ៊ូ លើកឡើងថា
«ក្បួនសឹក មានសារសំខាន់ណាស់។
វាជាបញ្ហាស្លាប់រស់ដែលជាផ្លូវទៅរកភាពសុខសាន្ត
ឬមហន្តរាយរបស់ប្រទេសជាតិ»។
ក្នុងប្រវត្តិមនុស្សជាតិ ពីបុរាណកាលមក
ការធ្លាក់ចុះនៃមហាអំណាចចាស់ ហើយមហាអំណាចថ្មីរះឡើងជារឿងធម្មតា
តែការធ្លាក់ចុះថមថយឥទ្ធិពលរបស់មហាអំណាចចាស់មិនមែនជារឿងមួយពព្រិចភ្នែកទេ
ហើយមហាអំណាចថ្មីរះឡើងក៏មិនមែនជារឿងមួយថ្ងៃពីរថ្ងៃដែរ។
ទាំងសងខាង សុទ្ធតែប្រើយុទ្ធសាស្ត្រ ធនធាន និងកម្លាំង ដើម្បីរក្សា
ឬឈានទៅរកភាពជាកំពូលមហាអំណាច។ ដោយឡែក នាពេលបច្ចុប្បន្ននេះ
ការប្រជែងឥទ្ធិពលរបស់ពួកមហាអំណាចរួមមានអាមេរិកនិងសម្ព័នមិត្ត
ជាមួយប្រទេសចិនដែលជាមហាអំណាចទើបរះថ្មី
រឹតតែបង្ហាញឲ្យឃើញកាន់តែច្បាស់ឡើង
តាមរយៈការរបង្ហាញកម្លាំងដាក់គ្នានៅតំបន់សមុទ្រចិនខាងត្បូង។
ស៊ុន អ៊ូ ឲ្យតម្លៃខ្លាំងលើការឈ្នះសង្គ្រាមដោយមិនបាច់ច្បាំង
ដែលស្របទៅនឹងអ្វីដែលអាមេរិកចង់បាន
នោះគឺការឈ្នះការប្រជែងអំណាចនេះ ដោយមិនបាច់ធ្វើសង្គ្រាម។
ជាក់ស្ដែង អាមេរិក គ្មានផលប្រយោជន៍
ឬភាពចាំបាច់ក្នុងការច្បាំងដោយផ្ទាល់ជាមួយនឹងចិននោះទេ
លើកលែងតែចិនគំរាមដល់សន្តិសុខជាតិអាមេរិកខ្លាំងដូចករណីជប៉ុនវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅ
Pearl Harbor ក្នុងសម័យសង្គ្រាមលោកលើកទី២ ។
តែចិនទំនងជាមិនប្រថុយនោះទេ ព្រោះ ស៊ុន អ៊ូ
ដែលជាដូនតារបស់ខ្លួនលើកឡើងថា “បើគ្មានប្រយោជន៍កុំចេញច្បាំង
បើទ័ពមិនខ្លាំងកុំធ្វើសង្គ្រាម”
ហើយជាក់ស្ដែងកំលាំងទ័ពរបស់ចិននៅពេលនេះ
ក៏មិនមែនជាដៃគូរបស់អាមេរិកនោះទេ
ស្របពេលដែលខ្លួនមានសត្រូវជុំទិសទាំងក្នុង ទាំងក្រៅថែមទៀតផង។
ថ្នាក់ដឹកនាំចិន មិនអាចបដិសេធបានទេថាកងទ័ពអាមេរិក
ក្រៅតែពីមានកញ្ចប់ថវិកាយោធាច្រើនជាងខ្លួនជិតបីដង
កម្លាំងយោធាខ្លាំង សម្ព័ន្ធមិត្តច្រើន
មូលដ្ឋានទ័ពមានស្ទើរគ្រប់ទីកន្លែងពាសពេញពិភពលោក
ថែមទាំងមានបទពិសោធធ្វើសង្គ្រាមជាក់ស្ដែងដែលកងទ័ពរំដោះប្រជាជនចិនពិបាកប្រៀបធៀប។
បញ្ហាសមុទ្រចិនខាងត្បូងនេះ ជាឱកាសមួយដ៏ល្អសម្រាប់អាមេរិក
បង្កើនឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
ព្រោះបណ្ដាប្រទេសពាក់ព័ន្ធក្នុងជម្លោះជាមួយចិនលើបញ្ហាសមុទ្រចិនខាងត្បូងនេះ
រួមមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាដើម
គ្មានលទ្ធភាពគ្រប់គ្រាន់ទៅតតាំងជាមួយមហាយក្សចិនដែលកំពុងត្រដែតឡើងទាំងវិស័យយោធា
និងសេដ្ឋកិច្ច ដែលនេះជាលក្ខខណ្ឌតម្រូវឲ្យបណ្ដាប្រទេសទាំងនេះ
ត្រូវការវត្តមានអាមេរិកជាចាំបាច់
ដើម្បីមានទឹកមាត់ប្រៃគ្រប់គ្រាន់ក្នុងការចរចាជាមួយចិន។
ថ្មីៗនេះ
អាមេរិកបានបញ្ចូននាវាផ្ទុកយន្តហោះចម្បាំងពីរគ្រឿង
ទៅដើម្បីធ្វើសមយុទ្ធយោធានៅតំបន់ជម្លោះ
ដែលជាសារមួយបញ្ជាក់ប្រាប់ចិនយ៉ាងច្បាស់ថា អាមេរិក
នឹងមិនទុកឲ្យចិនធ្វើអ្វីតាមតែអំពើរចិត្តនោះទេ
ហើយអាស៊ីប៉ាស៊ីហ្វិកនៅតែជាដែនឥទ្ធិពលរបស់ខ្លួន។ នៅជ្រុងម្ខាងទៀត
អាមេរិកបានខិតខំយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពយោធា
នៅតាមបណ្ដាប្រទេសជាប់ជម្លោះ ឬប្រទេសជិតខាងរបស់ចិន
ក្នុងគោលបំណងដើម្បីដាក់សម្ពាធបន្ថែមលើទីក្រុងប៉េកាំងដូចជាការលក់អាវុធឲ្យជប៉ុន
តៃវ៉ាន់ ឥណ្ឌា ឬ ឥណ្ឌូនេស៊ី ដូចតម្រាពិជ័យសង្គ្រាមពន្យល់ថា
ត្រូវចងសម្ព័ន្ធមិត្តទល់នឹងសត្រូវរួម។ តែស៊ុន
អ៊ូក៏បានបញ្ជាក់ដែរថា «យើងមិនអាចចូលរួមក្នុងសម្ព័ន្ធមិត្តបានទេ
លុះត្រាណាតែយើងស្គាល់សម្ព័ន្ធមិត្តច្បាស់ជាមុនសិន»។ ក្នុងន័យនេះ
អាមេរិកដឹងច្បាស់ណាស់ថាប្រទេសទាំងនេះ ត្រូវការខ្លួនជាបង្អែក
ដើម្បីទប់ទល់ចិន តែបើមានថ្ងៃណាមួយចិនចុះខ្សោយ ប្រទេសទាំងនេះ
អាចនឹងរុញអាមេរិកចេញ
ឬក៏អាចក្លាយជាគូប្រជែងនឹងអាមេរិកវិញផងក៏មិនដឹង ដូចជាករណីជប៉ុន
នៅទសវត្សរ៍ឆ្នាំ៩០
ដែលស្ទើរតែក្លាយជាមហាអំណាចសេដ្ឋកិច្ចទីមួយលើលោកទៅហើយ
ប្រសិនបើគ្មានវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ទេនោះ។
ឯករណីវៀតណាមវិញ
អាមេរិកអាចត្រូវរ៉ូវជាមួយប្រទេសនេះបានក្នុងពេលនេះ
តែប្រវត្តិសង្គ្រាមវៀតណាម នៅតែជាការចងចាំមួយសម្រាប់អាមេរិក។
ដូច្នេះ ប្រសិនបើត្រូវសាកកម្លាំងជាមួយចិនមែន មហាអំណាចមួយនេះ
នឹងប្រមែរប្រមូលប្រទេសទាំងនេះចូលរួមតទល់ជាមួយចិន
ដែលអាចធ្វើឲ្យអាមេរិកមានប្រៀបលើយុទ្ធសាស្ត្រ
និងចំណេញក្នុងបញ្ហាភូមិសាស្ត្រនយោបាយថែមទៀតផង។ ដោយឡែក
អាមេរិកខ្លួនឯងក៏កំពុងមានបញ្ហាផ្ទៃក្នុងដែលត្រូវដោះស្រាយដូចជា
ការរាតត្បានៃមេរោគកូវីដ ១៩ និងបញ្ហារើសអើងពូជសាសន៍ផង។ ដូច្នេះ
គេអាចសន្និដ្ឋានបានថា អាមេរិកគ្មានគោលដៅវាយប្រហារចិននោះទេ
គ្រាន់តែចង់សង្កត់ចិនឲ្យជាប់
និងធ្វើឲ្យចិនថមថយឥទ្ធិពលរបស់ខ្លួនប៉ុណ្ណោះ។
និយាយដល់ប្រទេសចិនវិញ នាពេលបច្ចុប្បន្ន
ដ្បិតថាមានទំហំសេដ្ឋកិច្ចធំ និងមានកម្លាំងយោធាខ្លាំង
តែនៅតែមិនមែនជាដៃគូដែលអាចប្រឈមមុខដោយផ្ទាល់ជាមួយអាមេរិកបានឡើយ។
ដូច្នេះថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិនដឹងច្បាស់ណាស់ថា
យុទ្ធសាស្ត្រល្អបំផុតនោះគឺ ចៀសវាងចំណុចខ្លាំង
តែវាយលុកចំណុចខ្សោយរបស់សត្រូវ ដែលមានចែងក្នុងជំពូកទី៦
ក្នុងសៀវភៅក្បួនសឹក។ ក្នុងន័យនេះ បើគ្មានការចាំបាច់
ចិនត្រូវចៀសវាងសង្គ្រាមជាមួយអាមេរិក និងសម្ព័ន្ធមិត្ត
ព្រោះមហាយក្សអាស៊ីមួយនេះ ត្រូវការពេលវេលាបន្ថែមទៀត
ដើម្បីពង្រីកកំលាំងរបស់ខ្លួនទាំងសេដ្ឋកិច្ច
និងយោធាដើម្បីឈានទៅរកភាពជាមហាអំណាចទី១ លើលោក។ ចំពោះចិន
សង្គ្រាមនឹងនាំមកនូវបញ្ហាជាច្រើនដែលរាំងស្ទះដល់
ដំណើរឈានទៅរកភាពជាកំពូលមហាអំណាចដែលជាមហិច្ឆតារបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ក្នុងពេលជាមួយគ្នា
ចិនព្យាយាមវាយបកទៅអាមេរិករឿងសមត្ថភាពគ្រប់គ្រងការរីករាលដាលជំងឺឆ្លង
កូវីដ-១៩ ហើយឆ្លៀតពេលបង្អួតសក្តានុពលសេដ្ឋកិច្ចខ្លួន
និងទីផ្សារធំទូលាយដែលអាចឲ្យសម្ព័ន្ធមិត្ដរបស់អាមេរិកមួយចំនួនពិចារណា
ហើយសង្កត់សម្ព័ន្ធមិត្ដរបស់អាមេរិកណាដែលហ៊ានពើងទ្រូងដាក់ខ្លួនដូចជាអូស្ដ្រាលីជាដើម។
ចំពោះបញ្ហាយោធា ចិនខិតខំយ៉ាងខ្លាំង
ដើម្បីធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន។ ជាឧទាហរណ៍
ការកសាងនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែ
ដែលសព្វថ្ងៃចិនមានតែពីរគ្រឿង ស្របពេលដែលអាមេរិកមានដល់ទៅ១១ គ្រឿង
នេះនៅមិនទាន់ប្រៀបធៀបបទពិសោធន៍សង្គ្រាមដែលនារិកលើនាវាទាំងនេះមានផង។
សូមកុំភ្លេចថា ការកសាងនាវាយក្សប្រភេទនេះ ត្រូវការធនធានច្រើន
ពេលវេលាយូរ និងបច្ចេកទេសខ្ពស់ណាស់ ហើយរឿងដែលរឹតតែសំខាន់ទៀតនោះ
ការចុះចតយន្តហោះលើនាវា
មិនងាយស្រួលដូចការចុះចតយន្តហោះលើផ្ទៃដីនោះទេ
ដែលទាមទារឲ្យប្រទេសអាស៊ីមួយនេះ
ត្រូវការពេលវេលាហ្វឹកហាត់ច្រើនណាស់។ ម្យ៉ាងវិញទៀត
នាវាផ្ទុកយន្តហោះចំបាំង មិនអាចធ្វើប្រតិបតិ្តការតែឯកឯងនោះទេ។
ផ្ទុយទៅវិញ ប្រតិបតិ្តការរបស់នាវាប្រភេទនេះ
ត្រូវធ្វើឡើងជាក្រុមដែលគេឲ្យឈ្មោះថា Carrier strike group
ដែលតម្រូវឲ្យមានភាពស៊ីចង្វាក់គ្នាពេលប្រយុទ្ធលើផ្ទៃទឹកទាំងយុទ្ធសាស្ត្រវាយលុក
និងការពារ។
ដោយឡែក ប្រទេសចិនទៀតសោត ពោរពេញទៅដោយបញ្ហាទាំងខាងក្នុង
និងខាងក្រៅដែលតម្រូវឲ្យប្រទេសមហាអំណាចមួយនេះ
ចាយពេលយូរទៀតដើម្បីដោះស្រាយ ។ បញ្ហាខាងក្នុងរួមមាន បញ្ហានៅហុងកុង
ឯករាជ្យភាពនៅកោះតៃវ៉ាន់ បញ្ហាទីបេ ឬជនជាតិ Uyghur នៅខេត្ត Xinjiang
ជាដើម តែបញ្ហាដ៏ធំមួយទៀតរបស់ប្រទេសចិន
នោះគឺអំពើពុករលួយក្នុងចំណោមកម្មាភិបាលរបស់បក្សកុម្មុយនីស្តចិន។
បើនិយាយពីបញ្ហាខាងក្រៅវិញ
ចិនត្រូវដោះស្រាយទំនាស់ជាមួយជប៉ុននៅសមុទ្រចិនខាងកើត
ស្របពេលដែលខ្លួនមានបញ្ហាជាមួយប្រទេសអាស៊ានមួយចំនួននៅសមុទ្រចិនខាងត្បូង
ហើយនេះមិនទាន់រាប់ទាំងបញ្ហាព្រំដែនជាមួយឥណ្ឌា
ព្រមទាំងប្រភពចម្លងជំងឺ កូវីដ -១៩ ទៀត ដែលពិភពលោកកំពុងចាប់អារម្មណ៍
រួមទាំងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក និងទំនាស់ជាមួយអូស្ដ្រាលី។
បញ្ហាច្រើនកន្លែងបែបនេះ តម្រូវឲ្យចិនត្រូវពង្រឹងខ្លួនសព្វកន្លែង
ហើយនេះជាត្រណមធំបំផុតរបស់អ្នកធ្វើសឹកដែលស៊ុន អ៊ូលើកឡើង
ព្រោះបើប្រទេសចិន ពង្រឹងខ្លួនគ្រប់ចំណុចនៃជម្លោះ
នោះនឹងនាំឲ្យប្រទេសចិនខ្សោយគ្រប់កន្លែងដែលអាចឲ្យសត្រូវផ្ដួលចិនបានគ្រប់សមរភូមិប្រយុទ្ធ។
ត្រង់ចំណុចនេះ ស៊ុន អ៊ូ បញ្ជាក់ថា៖ «បើសត្រូវពង្រឹងផ្នែកខាងស្ដាំ
នឹងចុះខ្សោយផ្នែកខាងឆ្វេង។ បើពង្រឹងផ្នែកខាងឆ្វេង
នោះនឹងចុះខ្សោយផ្នែកខាងស្ដាំ។ បើពង្រឹងផ្នែកខាងមុខ
នោះនឹងចុះខ្សោយផ្នែកខាងក្រោយ។ បើពង្រឹងផ្នែកខាងក្រោយ
នោះនឹងចុះខ្សោយផ្នែកខាងមុខ។ ប្រសិនបើពង្រឹង
កម្លាំងនៅគ្រប់ទីកន្លែង នោះវានឹងចុះខ្សោយនៅគ្រប់ទីកន្លែង។
និយាយដល់សម្ព័ន្ធមិត្ដរបស់ចិនវិញ គេទំនងអាចរាប់ រុស្ស៊ី
អ៊ីរ៉ង់ ឬកូរ៉េខាងជើង
តែគួរឲ្យស្ដាយណាស់ដែលមិនដឹងថាសម្ព័ន្ធមិត្ដនេះ
អាចជួយចិនបានច្រើនប៉ុណ្ណាទេ
ដ្បិតថារុស្ស៊ីខ្លួនឯងកំពុងត្រូវអឺរ៉ុបសង្កត់កជាប់ដែរ ជាពិសេស NATO
កំពុងឡោមព័ទ្ធ។ និយាយពីអ៊ីរ៉ង់ ត្រូវសម្ព័ន្ធមិត្ដអាមេរិក
នៅតំបន់អារ៉ាប់ រួមទាំងអ៊ីស្រាអែលផងឃ្លាំមើលជាប់។
ឯកូរ៉េខាងជើងវិញកំពុងរួមរឹតដោយរងទណ្ឌកម្មសេដ្ឋកិច្ចអស់ជាច្រើនឆ្នាំ
ប្រជាជនកំពុងរងទុក្ខ ទោះលោក គីម ជុងអ៊ុន មានទឹកចិត្ត
តែខ្វះលទ្ធភាពក៏អត់ប្រយោជន៍ដែរ។
ទោះជាយ៉ាងណាចិនមានចំណុចគួរឲ្យសរសើរលើការប្រើប្រាស់ចារកិច្ចឈ្លបយកការណ៍សម្ងាត់
ដែលធ្វើឲ្យអាមេរិក និងអឺរ៉ុបឈឺក្បាលមិនតិចដែរ។
នៅចំណុចចុងក្រោយនៃក្បួនសឹក លោកមេទ័ព ស៊ុន
បែងចែកចារកិច្ចនេះជា៥ប្រភេទរួមមាន៖ ចារកិច្ចក្នុងស្រុក (Local
spies) ចារកិច្ចផ្ទៃក្នុង (inward spies) ចារកិច្ចរបស់សត្រូវ (converted
spies) ល្បិចបំភាន់ភ្នែក (doomed spies)
និងចារកិច្ចយកការណ៍ពីជំរំទ័ពសត្រូវ (surviving spies)។
តាមរយៈចារកិច្ចទាំងនេះ ចិនអាចយកបានមិនតិចទេ នូវព័ត៌មានសំខាន់ៗ
ជាច្រើន ជាពិសេសគឺព័ត៌មានបច្ចេកវិទ្យាទាំងយោធា និងស៊ីវិល។
ឥឡូវនេះគួរបញ្ចប់ការបរិយាយពីពួកមហាអំណាច
ហើយនិយាយពីកម្ពុជាក្នុងបរិបទនៃការប្រជែងអំណាចនេះវិញម្ដង
ដ្បិតថា
ការប្រជែងគ្នារវាងពពួកមហាអំណាចនេះមានឥទ្ធិពលខ្លាំងលើបញ្ហាភូមិសាស្ត្រនយោបាយតំបន់
និងពិភពលោក។ តើកម្ពុជាគួរជ្រើសរើសផ្លូវបែបណា?
ចំពោះអ្នកប្រាកដនិយម ក្នុងទំនាក់ទំនងអន្តរជាតិ
ផ្លូវណាក៏ដោយឲ្យតែអាចឲ្យកម្ពុជាទទួលបានផលប្រយោជន៍ រាស្ត្របានសុខ
នោះគឺជាផ្លូវត្រឹមត្រូវ ។ ក្នុងបរិបទនេះ កម្ពុជាដែលជាប្រទេសតូច
គួរនៅឲ្យស្ងៀម សម្ងំកសាងសង្គមរបស់ខ្លួន ទាំងសេដ្ឋកិច្ច ធនធានមនុស្ស
ហេដ្ឋារចនាសម្ព័ន្ធជាដើម-ល-
ដើម្បីចាប់យកឱកាសក្រោយស្ងប់ព្យុះភ្លៀង។ ពេលនេះ
មិនមែនជាពេលដែលកម្ពុជាត្រូវយកមុខមាត់ក្នុងការប្រជែងអំណាចនេះទេ។
ប្រទេសយើងគួរប្រកាន់នយោបាយអព្យាក្រឹតពិតប្រាកដ
មិនមែនអព្យាក្រឹតស្និទ្ធកុម្មុយនីស្តនោះទេ។
ប្រទេសណាក៏ជាមិត្តរបស់កម្ពុជា។
យើងគួរប្រយ័ត្នចំពោះនយោបាយការបរទេសរបស់ខ្លួន។ បើផ្អៀងទៅតែម្ខាង
ក្នុងនាមជាប្រទេសតូច កម្ពុជាអាចនឹងក្លាយជាកូនអុករបស់មហាអំណាច
ជាក់ជាមិនខាន។ ដូចយើងធ្លាប់ដឹងមកហើយថា
នយោបាយអព្យាក្រឹតស្និទ្ធកុម្មុយនីស្តក្នុងសម័យសង្គ្រាមត្រជាក់បាននាំមកនូវភាពវិនាសអន្តរាយដល់កម្ពុជា
និងបន្សល់ទុកនូវផលវិបាកយ៉ាងច្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ជាចុងក្រោយ សូមមិត្តអ្នកអានដែលជាជនរួមជាតិ ទទួលបានតែសេចក្ដីសុខគ្រប់ប្រការ៕
ពេជ្រ ចន្ទ្រា បច្ចុប្បន្នជានិស្សិតយោធានៃបណ្ឌិតសភាយោធាកងទ័ពជើងទឹកអាមេរិក
រៀនសូត្រពីតិចនិករកស៊ីបែបចិន៖ ៥ យុទ្ធសាស្ត្រស្នូលដើម្បីចាក់គ្រឹះអាជីវកម្មឱ្យដើរបានឆ្ងាយ
បើចង់ឱ្យអាជីវកម្មដើរទៅមុខបានឆ្ងាយ
ចូររៀនពីរបៀបបត់បែន និងចាត់ចែងលុយកាក់បែបចិន។ ខាងក្រោមនេះជា
យុទ្ធសាស្ត្រស្នូលទាំង ៥ ដែលអ្នករកស៊ីសម័យថ្មីមិនគួរមើលរំលង៖
១. ចំណេញតិច លក់ដាច់ច្រើន៖
អ្នកជំនួញចិនមិនផ្ដោតលើការយកចំណេញកប់ក្ដោងពីទំនិញមួយមុខៗឡើយ
តែពួកគេសម្លឹងមើលការលក់ឱ្យបានលឿន និងក្នុងបរិមាណច្រើន។
ក្នុងសម័យឌីជីថលដែលមានការប្រកួតប្រជែងខ្ពស់
ការសុខចិត្តបញ្ចុះតម្លៃដើម្បីទាក់ទាញម៉ូយ
គឺមានប្រសិទ្ធភាពជាងការទារតម្លៃថ្លៃដែលធ្វើឱ្យទំនិញកប់ចោលក្នុងស្តុក
ព្រោះលុយបង្វិលកាន់តែលឿន ឱកាសបង្កើតប្រាក់ចំណេញក៏កាន់តែច្រើន។
២. សាងទំនាក់ទំនងមុនសាងជំនួញ៖
ជនជាតិចិនចូលចិត្តរកស៊ីជាមួយ «មនុស្សដែលគេទុកចិត្ត» ជាជាងជនប្លែកមុខ។
ដូច្នេះ មុននឹងចង់លក់ដូរអ្វីមួយឱ្យជោគជ័យ ចូរចំណាយពេលសាងទំនាក់ទំនង និងលក់
«ភាពស្មោះត្រង់» របស់អ្នកទៅកាន់អតិថិជន និងដៃគូសហការជាមុនសិន។
នៅពេលគេស្រឡាញ់ និងទុកចិត្តអ្នកហើយ ទោះអ្នកលក់អ្វីក៏គេងាយនឹងគាំទ្រ
និងជួយណែនាំម៉ូយបន្តឱ្យដែរ។
៣. ចេះចាត់ចែងលុយកាក់ (កុំឱ្យខ្សត់លុយបង្វិល)៖
ថៅកែចិនមានទម្លាប់តឹងរ៉ឹងខ្លាំងលើរឿងលុយកាក់
ដោយពួកគេតែងបែងចែកកញ្ចប់លុយច្បាស់លាស់ រវាងលុយដើមទុន លុយបម្រុង
និងលុយចំណេញ។ ច្បាប់ដែកក្នុងការរកស៊ីគឺ
ហាមដាច់ខាតក្នុងការយកលុយបង្វិលរបស់អាជីវកម្ម
ទៅទិញទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលមិនបង្កើតចំណូល (ដូចជាឡានទំនើប
ឬរបស់ហ៊ឺហា) នៅពេលដែលជំនួញទើបតែងើបឡើង។
៤. បត់បែនតាមទីផ្សារ៖
អ្នកជំនួញចិនពូកែសង្កេតមើលឱកាសខ្លាំងណាស់ បើឃើញថាមុខរបរចាស់លែងដើរ
ឬមានម៉ូដថ្មីដែលចំណេញជាង
ពួកគេនឹងប្ដូរយុទ្ធសាស្ត្រភ្លាមៗដោយមិនស្ដាយស្រណោះឡើយ។ មេរៀនសំខាន់គឺ
កុំស្រឡាញ់ផលិតផលខ្លួនឯង ជាងស្រឡាញ់ «តម្រូវការរបស់ទីផ្សារ»
ពោលគឺបើទីផ្សារប្រែប្រួល ចូរប្រញាប់កែច្នៃរបៀបលក់ឱ្យទាន់សម័យកាលភ្លាម។
៥. មិនរើសអើងការងារតូចតាច៖
ក្នុងផ្នត់គំនិតចិន គ្មានរបររកស៊ីណាដែលទាបថោកឡើយ
ឱ្យតែបង្កើតលុយដោយសុច្ចរិត។ ថៅកែធំៗភាគច្រើន
សុទ្ធតែធ្លាប់ឆ្លងកាត់ការងារលំបាកៗ ឬលក់ដូរនៅចិញ្ចើមថ្នល់ពីមុនមក។
ការចាប់ផ្ដើមពីតូច និងមិនខ្វល់ពីសម្បកក្រៅ
ជួយឱ្យអ្នកយល់ច្បាស់ពីគ្រប់ជ្រុងជ្រោយនៃអាជីវកម្ម
ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ពង្រីកខ្លួនទៅថ្ងៃមុខ។
ជារួម បើចង់ដើរឱ្យបានឆ្ងាយ ចូររៀនសន្សំពីមួយសេន។ បើចង់ធ្វើការធំ ចូរហ៊ានលះបង់ភាពសប្បាយភាពយូរអង្វែងនៅថ្ងៃមុខ។
Download