ពី អ្នកជំងឺប្រចាំអាស៊ី ឆ្ពោះទៅកាន់ តារារះថ្មី របត់ចរន្តសេដ្ឋកិច្ចនិងការកែទម្រង់រចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ថៃ

 ពី អ្នកជំងឺប្រចាំអាស៊ី ឆ្ពោះទៅកាន់ តារារះថ្មី របត់ចរន្តសេដ្ឋកិច្ចនិងការកែទម្រង់រចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ថៃ

កាលពីប៉ុន្មានខែមុននេះប៉ុណ្ណោះ នៅក្នុងពិភពហិរញ្ញវត្ថុ និងការវិនិយោគ ប្រទេសថៃតែងតែត្រូវបានគេលើកឡើងក្នុងន័យអវិជ្ជមានថាជា អ្នកជំងឺប្រចាំអាស៊ី។ ទីផ្សារភាគហ៊ុនថៃបានស្ថិតក្នុងចំណោមទីផ្សារដែលផ្តល់ផលចំណេញទាបបំផុតមួយក្នុងពិភពលោក ចន្លោះឆ្នាំ ២០២៣-២០២៥ ខណៈដែលវិនិយោគិនបរទេសបានសម្រុកលក់ភាគហ៊ុនចេញជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១៧ មក សរុបជាទឹកប្រាក់មហាសាលជាង ៩,២ សែនលានបាត។ សេដ្ឋកិច្ចដែលរីកចម្រើនយឺត និងភាពមិនច្បាស់លាស់ខាងនយោបាយ បានធ្វើឲ្យមនុស្សជាច្រើនដាក់សំណួរថា តើប្រទេសថៃនៅមានអនាគតទៀតដែរឬទេ?

ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលសាធារណជនទូទៅ (រួមទាំងការយល់ឃើញនិងការបំប៉ោងព័ត៌មានមួយចំនួនក្នុងចំណោមប្រជាជនខ្មែរ) កំពុងសម្លឹងមើលប្រទេសថៃតាមរយៈ កញ្ចក់មើលក្រោយ ដោយវាយតម្លៃត្រឹមតែរូបភាពអវិជ្ជមានខាងក្រៅ ស្ថាប័នវិភាគហានិភ័យលំដាប់ពិភពលោកមកពីចក្រភពអង់គ្លេសគឺ Verisk Maplecroft (ផ្សាយដោយ Bloomberg ក្នុងខែមិថុនា ឆ្នាំ ២០២៦) បែរជាសម្លឹងមើលទៅមុខ ហើយចាត់ទុកប្រទេសថៃថាជា Supply Chain Rising Star តារារះថ្មីនៃខ្សែសង្វាក់ផ្គត់ផ្គង់ របស់ពិភពលោកក្នុងទសវត្សរ៍ខាងមុខទៅវិញ។


ចំណុចដែលធ្វើឲ្យមានការភាន់ច្រឡំខ្លាំងបំផុតគឺ តួលេខឱនភាពពាណិជ្ជកម្ម របស់ថៃ ដែលបានហក់ឡើងយ៉ាងគំហុករហូតដល់ទៅជាង ២៥,២១ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែ ៥ ខែដំបូងនៃឆ្នាំ ២០២៦ នេះ (ធៀបនឹងពេញមួយឆ្នាំ ២០២៤ ដែលមានឱនភាពត្រឹមតែ ៦,២៨ ពាន់លានដុល្លារប៉ុណ្ណោះ)។

ប្រសិនបើយើងពិនិត្យមើលឲ្យបានស៊ីជម្រៅទៅលើគ្រឹះស្ថានសេដ្ឋកិច្ច និងរចនាសម្ព័ន្ធនាំចូលជាក់ស្តែង ឱនភាពដ៏ច្រើនលើសលប់នេះមិនមែនជាសញ្ញានៃការដួលរលំសេដ្ឋកិច្ច ឬបណ្តាលមកពីកត្តាព្រំដែនជាមួយកម្ពុជានោះឡើយ ប៉ុន្តែវាគឺជា ការចំណាយដើម្បីវិនិយោគលើអនាគត ក្នុងដំណាក់កាលផ្លាស់ប្តូរពីរចនាសម្ព័ន្ធសេដ្ឋកិច្ចបែបចាស់ ទៅជាសេដ្ឋកិច្ចបច្ចេកវិទ្យាកម្រិតខ្ពស់ (High-Tech Economy) តាមរយៈកត្តាគន្លឹះទាំង ៣ គឺ


1/ការសម្រុកនាំចូលបច្ចេកវិទ្យាកម្រិតខ្ពស់ ថៃបានបោះទុននាំចូលគ្រឿងចក្រ និងឧបករណ៍បច្ចេកទេសទ្រង់ទ្រាយធំ ដើម្បីយកទៅបម្រើឲ្យការបង្កើតប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងការកសាងមជ្ឈមណ្ឌលផ្ទុកទិន្នន័យខ្នាតយក្ស (Data Centers)។

2/ការឆ្លើយតបនឹងខ្សែសង្វាក់ផលិតកម្មអេឡិចត្រូនិកការបង្កើនបរិមាណនាំចូលបន្ទះឈីប (Chips) និងសមាសភាគអេឡិចត្រូនិកទំនើបៗ ដើម្បីលើកកម្ពស់រោងចក្រឧស្សាហកម្មក្នុងស្រុកឲ្យទៅជាការផលិតឧបករណ៍វៃឆ្លាតដែលមានតម្លៃបន្ថែមខ្ពស់។

3/យុទ្ធសាស្ត្រ Front-loadingការប្រញាប់ប្រញាល់បង្កើនល្បឿននាំចូលទំនិញ និងស្តុកទុកវត្ថុធាតុដើមមុនពេលដែលវិធានការដំឡើងពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក (ក្នុងសង្គ្រាមពាណិជ្ជកម្មសកល) ចាប់ផ្តើមអនុវត្ត។


ពិភពលោកលែងប្រកួតប្រជែងគ្នារឿង តម្លៃថោក ប៉ុន្តែប្រកួតលើ "ភាពមានសុវត្ថិភាព

ក្រោយវិបត្តិសកល និងជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាច សង្វាក់ផ្គត់ផ្គង់ពិភពលោកកំពុងដើរដល់ចំណុចរបត់មួយហៅថា Supply Chain Diversification (ការបង្វែរនិងបែងចែកមូលដ្ឋានផលិតកម្ម)។ ក្រុមហ៊ុនពហុជាតិលែងសួរថា ផលិតនៅឯណាថោកបំផុត? ទៀតហើយ ប៉ុន្តែពួកគេសួរថា ផលិតនៅឯណាមានសុវត្ថិភាព យឺតយូរ និងមានហានិភ័យទាបបំផុត?

ចំណុចនេះហើយដែលធ្វើឲ្យថៃលេចធ្លោឡើងវិញ ដោយសារតែភាពបើកចំហរផ្នែកសេដ្ឋកិច្ច ស្ថិរភាពនៃបរិយាកាសវិនិយោគ និងសក្តានុពលហេដ្ឋារចនាសម្ព័ន្ធ។ ភស្តុតាងជាក់ស្តែងគឺ ទឹកប្រាក់ស្នើសុំការវិនិយោគតាមរយៈគណៈកម្មាការលើកកម្ពស់ការវិនិយោគថៃ (BOI) តាំងពីឆ្នាំ ២០២៤ មកទល់បច្ចុប្បន្ន បានហក់ឡើងជិតដល់ ៥ លានលានបាត ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ លុយមហាសាលទាំងនេះមិនបានហូរចូលវិស័យបែបចាស់ទេ ប៉ុន្តែគឺសម្រុកចូលទៅក្នុងវិស័យ Cloud Infrastructure, Semiconductor Ecosystem, Digital Infrastructure និង Advanced Manufacturing។


សញ្ញាណវិជ្ជមានក៏កំពុងស្តែងចេញតាមរយៈទីផ្សារសញ្ញាបណ្ណ (Bond Market) ដែលមានលំហូរទុនបរទេសហូរចូលទិញសរុបជិត ១ សែនលានបាត (ក្នុងឆ្នាំ ២០២៥-២០២៦) ដែលនេះបង្ហាញថា វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិកំពុងវាយតម្លៃថាហានិភ័យរបស់ប្រទេសថៃកំពុងតែថយចុះ។

ការវាយតម្លៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ដោយគ្រាន់តែឃើញតួលេខឱនភាព ឬផលប៉ះពាល់រយៈពេលខ្លី រួចសន្និដ្ឋានថា ដុនដាប គឺជាការមើលឃើញត្រឹមតែមួយជ្រុង។ ផ្ទុយទៅវិញ ករណីប្រទេសថៃបានបង្ហាញថា ពួកគេកំពុងស្ថិតក្នុងដំណាក់កាល New Capex Cycle (វដ្តនៃការវិនិយោគទុនខ្នាតធំវគ្គថ្មី) ដើម្បីប្រែក្លាយខ្លួនពី អ្នកជំងឺ ទៅជា មជ្ឈមណ្ឌលឧស្សាហកម្មឌីជីថលនិងបច្ចេកវិទ្យាកម្រិតខ្ពស់ នៅក្នុងតំបន់អាស៊ាន។ នេះគឺជាតថភាពសេដ្ឋកិច្ចពិតប្រាកដ ដែលយើងជាអ្នកជិតខាងគួរតាមដាន សិក្សា និងរៀនសូត្រតាមជាជាងការវាយតម្លៃដោយខ្វះទិន្នន័យវិភាគច្បាស់លាស់។

Previous Post Next Post