រឿងត្រីដែលបានស្ដាប់ព្រះធម៌ (ពីគម្ពីរ សីហលវត្ថុ)
កាលពីអតីតកាល មានព្រះភិក្ខុមួយអង្គបានធ្វើដំណើរតាមកប៉ាល់កាត់សមុទ្រ។ កំឡុងពេលធ្វើដំណើរនោះ ព្រះថេរៈបានសូត្រគម្ពីរអភិធម្ម «ធម្មសង្គណី-ចិត្តុប្បាទកណ្ឌ» ដោយសំឡេងដ៏ពីរោះ។ គ្រានោះឯង មានត្រីមួយក្បាលដែលកំពុងហែលក្នុងសមុទ្រ កាលបើបានស្ដាប់ឮសូរពាក្យពេចន៍នៃព្រះធម៌ដ៏វិសេសនោះ ក៏កើតសេចក្ដីជ្រះថ្លាជាខ្លាំង រហូតហែលតាមកប៉ាល់នោះមិនដាច់។
ដោយកម្លាំងនៃសេចក្ដីជ្រះថ្លានោះ លុះដល់ពេលត្រីនោះត្រូវគេចាប់បានរហូតដល់ស្លាប់ទៅ ក៏បានទៅចាប់កំណើតក្នុងត្រកូលអ្នកមានស្ដុកស្ដម្ភមួយ។ ដោយសារអានិសង្សនៃចិត្តដែលបានស្ដាប់ព្រះធម៌កាលពីជាតិមុន កុមារនោះមាននិស្ស័យស្រឡាញ់ការធ្វើបុណ្យ និងចូលចិត្តជួបព្រះសង្ឃជាខ្លាំង។ លុះអាយុបាន ៧ ឆ្នាំ កុមារនោះក៏បានសុំមាតាបិតាបួស ហើយដោយសារប្រាជ្ញាវាងវៃ កុមារនោះបានខំសិក្សាទន្ទេញរៀនសូត្ររហូតចាំចេះចប់គម្ពីរត្រៃបិដក ហើយល្បីល្បាញដោយនាមថា ព្រះសទ្ធាសុមនត្ថេរ។
ថ្ងៃមួយ ព្រះសទ្ធាសុមនត្ថេរ បាននិមន្តទៅគោរពបូជាព្រះចេតិយនាគទីប និងនិមន្តទៅស្នាក់នៅសួនច្បាររបស់ព្រះបាទទុដ្ឋគាមណី ដែលស្ថិតនៅចន្លោះភ្នំចូឡគិរី និងមហាកិរី។ នៅទីនោះ ព្រះថេរៈបានចម្រើនពុទ្ធានុស្សតិកម្មដ្ឋានជាប្រចាំ។ ដោយសារបារមីដែលបានសាងពីជាតិមុនៗ រួមផ្សំនឹងការប្រតិបត្តិធម៌យ៉ាងខ្ជាប់ខ្ជួន ព្រះថេរៈក៏បានសម្រេចមគ្គផលជាព្រះអរហន្តដ៏វិសុទ្ធក្នុងទីនោះឯង។
រឿងរ៉ាវនេះពិតជាបង្ហាញឱ្យឃើញថា សូម្បីតែសត្វតិរច្ឆាន កាលបើបានស្ដាប់ឮព្រះធម៌ដោយសេចក្ដីជ្រះថ្លា ក៏អាចនាំឱ្យមានភពជាតិដ៏ប្រសើរ និងឈានទៅដល់ការសម្រេចមគ្គផលបានយ៉ាងពិតប្រាកដ។
បកប្រែ និងកែសម្រួលពីភាសាស្រីលង្កា
#សមាធិ #Meditation #កម្ពុជា #cambodia #សុខភាពចិត្ត #HunKhamra #Buddhism #International #Mentalhealth







