វិភាគស៊ីជម្រៅ៖ [ហេតុអ្វីថៃចង់ទាក់ទាញបារាំងមុនមកកម្ពុជា?] ដោយ៖លោកតា

 វិភាគស៊ីជម្រៅ៖ [ហេតុអ្វីថៃចង់ទាក់ទាញបារាំងមុនមកកម្ពុជា?]

ដោយ៖លោកតា


បើមើលត្រឹមផ្ទៃក្រៅ ការដែលថៃព្យាយាមអញ្ជើញមេដឹកនាំបារាំងទៅបំពេញទស្សនកិច្ចមុនមកកម្ពុជា អាចត្រូវបានបកស្រាយថា ជាការប្រកួតប្រជែងផ្នែកការទូតធម្មតា។ ប៉ុន្តែបើសិក្សាជ្រៅទៅលើប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយក្នុងតំបន់ នេះមិនមែនជារឿងតូចឡើយ។ វាជាការបង្ហាញពីការប្រកួតប្រជែងឥទ្ធិពល រវាងប្រទេសជិតខាង ដែលមានឫសគល់តាំងពីសម័យអាណាចក្ររហូតមកដល់សម័យទំនើប។


ក្នុងប្រវត្តិសាស្ត្រ សៀមតែងចាត់ទុកកម្ពុជា ជាតំបន់ស្ថិតក្នុងឥទ្ធិពលយុទ្ធសាស្ត្ររបស់ខ្លួន។ ដូច្នេះ រាល់ពេលដែលកម្ពុជាព្យាយាមបង្កើតទំនាក់ទំនងផ្ទាល់ជាមួយមហាអំណាចខាងក្រៅ សៀមតែងមានប្រតិកម្មភ្លាមៗ។ ករណីឆ្នាំ១៨៥៦ គឺជាភស្តុតាងច្បាស់ ពេលព្រះបាទអង្គឌួងព្យាយាមស្វែងរកការការពារពីបារាំង សៀមបានយល់ភ្លាមថា បើបារាំងចូលមកកម្ពុជា នោះឥទ្ធិពលរបស់ខ្លួនលើទឹកដីខ្មែរនឹងចុះខ្សោយ។ ដូច្នេះ សៀមមិនត្រឹមតែប្រើសម្ពាធនយោបាយទេ ប៉ុន្តែថែមទាំងប្រើការគំរាមផ្នែកយោធាផងដែរ។


បច្ចុប្បន្ន ទោះបីសម័យអាណានិគមបានបញ្ចប់ទៅហើយក៏ដោយ “ផ្នត់គំនិតភូមិសាស្ត្រនយោបាយ” នោះនៅតែមិនទាន់បាត់។ ថៃនៅតែចង់បង្ហាញថា ខ្លួនគឺជាមជ្ឈមណ្ឌលអំណាច និងជាច្រកសំខាន់របស់អាស៊ីអាគ្នេយ៍សម្រាប់អឺរ៉ុប និងលោកខាងលិច។ ការអញ្ជើញមេដឹកនាំបារាំងមុនកម្ពុជា មានន័យនយោបាយច្រើនជាងគ្រាន់តែពិធីការទូត។


√ទី១៖ វាជាការបង្ហាញឋានៈតំបន់។

ថៃចង់បញ្ជាក់ទៅកាន់បារាំង និងអឺរ៉ុបថា ខ្លួនជាដៃគូធំជាង មានស្ថិរភាពសេដ្ឋកិច្ចខ្លាំងជាង និងមានឥទ្ធិពលតំបន់ខ្ពស់ជាងកម្ពុជា។ ក្នុងការទូតសម័យថ្មី ប្រទេសដែលអាចទាក់ទាញមេដឹកនាំមហាអំណាចឱ្យមកមុន គឺតែងត្រូវបានចាត់ទុកថា មាន “អាទិភាពយុទ្ធសាស្ត្រ” ខ្ពស់ជាង។


√ទី២៖ វាជាការកាត់បន្ថយតម្លៃការទូតរបស់កម្ពុជា។

បើមេដឹកនាំបារាំងចូលថៃមុន នោះការមកកម្ពុជាអាចត្រូវបានមើលថា គ្រាន់តែជាផ្នែកបន្តនៃដំណើរទស្សនកិច្ចក្នុងតំបន់ មិនមែនជាទស្សនកិច្ចដែលមានទម្ងន់ពិសេសសម្រាប់កម្ពុជាឡើយ។ នេះជាយុទ្ធសាស្ត្រការទូតបែប “កុំឱ្យប្រទេសតូចលេចធ្លោជាងខ្លួន”។


√ទី៣៖ វាជាការប្រកួតប្រជែងលើឥទ្ធិពលបារាំងក្នុងតំបន់មេគង្គ។

បារាំងមានទំនាក់ទំនងប្រវត្តិសាស្ត្រជ្រាលជ្រៅជាមួយកម្ពុជា ជាពិសេសតាមរយៈបេតិកភណ្ឌ វប្បធម៌ ភាសា និងប្រវត្តិសាស្ត្រអាណាព្យាបាល។ កម្ពុជាក៏ត្រូវបានបារាំងមើលឃើញថា ជាដៃគូប្រវត្តិសាស្ត្រមួយនៅឥណ្ឌូចិន។ ដូច្នេះ ថៃប្រហែលជាមិនចង់ឱ្យទំនាក់ទំនងកម្ពុជា-បារាំង កាន់តែជិតស្និទ្ធដល់កម្រិតដែលអាចបង្កើនឥទ្ធិពលការទូតរបស់កម្ពុជាក្នុងតំបន់ឡើយ។


ជាពិសេស ទំនាក់ទំនងរវាងរាជវង្សខ្មែរ និងបារាំង មានជម្រៅប្រវត្តិសាស្ត្រយូរអង្វែង។ ចាប់តាំងពីសម័យព្រះបាទនរោត្តមទី១ បារាំងបានដើរតួនាទីសំខាន់ក្នុងការធានាការរក្សារាជបល្ល័ង្ក និងអធិបតេយ្យភាពរបស់កម្ពុជា ចំពេលសម្ពាធពីសៀម និងអណ្ណាម។ ទំនាក់ទំនងនេះបានបន្តមកដល់សម័យ សម្តេចព្រះបរមរតនកោដ្ឋ នរោត្ត សីហនុ ដែលមានភាពជិតស្និទ្ធជាមួយថ្នាក់ដឹកនាំបារាំង និងវប្បធម៌បារាំងយ៉ាងខ្លាំង។ ព្រះអង្គមិនត្រឹមតែស្ទាត់ភាសាបារាំងទេ ប៉ុន្តែថែមទាំងប្រើភាសាបារាំងជាវេទិកាការទូតអន្តរជាតិសម្រាប់ការពារឯករាជ្យ និងអព្យាក្រឹតភាពរបស់កម្ពុជាផងដែរ។


រហូតដល់សម័យបច្ចុប្បន្ន ទំនាក់ទំនោនេះនៅតែបន្តតាមរយៈព្រះរាជវង្សខ្មែរ។ ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី មានការសិក្សា និងរស់នៅប្រទេសបារាំងជាយូរឆ្នាំ ហើយមានទំនាក់ទំនងវប្បធម៌ និងការគោរពជ្រាលជ្រៅពីសង្គមបារាំង។ នេះធ្វើឱ្យទំនាក់ទំនងកម្ពុជា-បារាំង មានលក្ខណៈពិសេសមួយ ដែលមិនមែនផ្អែកតែលើនយោបាយ ឬសេដ្ឋកិច្ចទេ ប៉ុន្តែថែមទាំងមាន “ខ្សែចំណងប្រវត្តិសាស្ត្រ និងរាជវង្ស” ផងដែរ។


ជាមួយគ្នានេះ ទំនាក់ទំនងផ្ទាល់រវាងសម្តេចតេជោ ហ៊ុន សែន និង Emmanuel Macron ត្រូវបានគេមើលឃើញថា មានភាពជិតស្និទ្ធ និងមានទំនុកចិត្តនយោបាយខ្ពស់។ នេះបង្ហាញថា កម្ពុជាមិនត្រឹមតែមានទំនាក់ទំនងផ្លូវការជាមួយបារាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកសាង “ការទូតផ្ទាល់ខ្លួន” (Personal Diplomacy) ជាមួយមេដឹកនាំមហាអំណាចបានផងដែរ។ ក្នុងការទូតអាស៊ី ទំនាក់ទំនងផ្ទាល់រវាងមេដឹកនាំ ជាច្រើនដងមានឥទ្ធិពលខ្លាំងជាងឯកសារផ្លូវការទៀតផង។


ចំណុចសំខាន់មួយទៀត គឺការដែលលោកប្រធានាធិបតីម៉ាក្រុង គ្រោងមកកម្ពុជាដើម្បីចូលរួមវេទិកាប្រទេសនិយាយភាសាបារាំង (Francophonie) ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះមិនមែនជាព្រឹត្តិការណ៍ពិធីការធម្មតាទេ ប៉ុន្តែជាសញ្ញានយោបាយ និងវប្បធម៌ដ៏មានអត្ថន័យខ្លាំង។

(ទំព័រ១)


(ទំព័រ២)

√ទី១៖ វាបង្ហាញថា កម្ពុជាមានតួនាទីពិសេសក្នុងពិភព Francophonie។

ទោះកម្ពុជាមិនមែនជាប្រទេសនិយាយភាសាបារាំងជាចម្បងក៏ដោយ ប៉ុន្តែកម្ពុជាត្រូវបានបារាំងចាត់ទុកថា ជាស្នូលប្រវត្តិសាស្ត្រមួយនៃ Francophonie នៅអាស៊ី។ ការជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះ បង្ហាញថាបារាំងទទួលស្គាល់កម្ពុជា មិនត្រឹមតែជាដៃគូអាស៊ានទេ ប៉ុន្តែជាដៃគូវប្បធម៌ និងអរិយធម៌ផងដែរ។


√ទី២៖ វាជាការបង្កើន Soft Power របស់កម្ពុជា។

ការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំបែបនេះ ធ្វើឱ្យកម្ពុជាក្លាយជាចំណុចកណ្ដាលនៃការទូតវប្បធម៌ និងភាសាបារាំងក្នុងតំបន់។ នេះមានអត្ថន័យថា កម្ពុជាអាចប្រើវេទិកានេះ ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ទេសចរណ៍ អប់រំ និងការទាក់ទាញវិនិយោគពីបារាំង និងអឺរ៉ុប។


√ទី៣៖ វាបង្ហាញថា បារាំងចង់រក្សាឥទ្ធិពលនៅឥណ្ឌូចិនតាមរយៈកម្ពុជា។

ក្នុងស្ថានភាពដែលចិន និងអាមេរិកកំពុងប្រកួតឥទ្ធិពលខ្លាំងនៅអាស៊ីអាគ្នេយ៍ បារាំងក៏ចង់រក្សាវត្តមានរបស់ខ្លួនផងដែរ។ កម្ពុជា មានអត្ថប្រយោជន៍ពិសេស ព្រោះមានទំនាក់ទំនងប្រវត្តិសាស្ត្រ និងភាពជិតស្និទ្ធវប្បធម៌ជាមួយបារាំង ដែលថៃមិនមានក្នុងកម្រិតដូចគ្នា។


√ទី៤៖ នេះជាជ័យជម្នះផ្នែក “Symbolic Diplomacy” របស់កម្ពុជា។

ក្នុងភូមិសាស្ត្រនយោបាយ សញ្ញា និងរូបភាព មានសារៈសំខាន់មិនចាញ់កម្លាំងយោធាទេ។ ការដែលមេដឹកនាំបារាំងមកកម្ពុជា ក្នុងនាមចូលរួមវេទិកា Francophonie ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាការផ្ញើសារទៅកាន់ពិភពលោកថា កម្ពុជាមានសមត្ថភាពធ្វើជាមជ្ឈមណ្ឌលការទូតអន្តរជាតិមួយនៅអាស៊ីអាគ្នេយ៍។


ចំណុចមួយទៀតដែលគេអាចមើលឃើញ គឺការដែលថៃព្យាយាមរូតរះបង្កើនភាពជិតស្និទ្ធជាមួយបារាំង និងខិតខំទាក់ទាញឱ្យមេដឹកនាំបារាំងមកបំពេញទស្សនកិច្ចមុនកម្ពុជា មិនមែនគ្រាន់តែជាការប្រកួតប្រជែងពិធីការទូតធម្មតាទេ ប៉ុន្តែអាចមានគោលបំណងនយោបាយជ្រៅជាងនោះ។ ថៃប្រហែលជាចង់បង្ហាញខ្លួនជាដៃគូសំខាន់ និងជាប្រទេសដែលមានស្ថិរភាពខ្ពស់ក្នុងតំបន់ ដើម្បីទាក់ទាញទំនុកចិត្តពីបារាំង និងអឺរ៉ុប។ ក្នុងន័យមួយ វាក៏អាចជាការប៉ុនប៉ងកាត់បន្ថយឥទ្ធិពលការទូតរបស់កម្ពុជា ដែលកំពុងលេចធ្លោតាមរយៈទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និង Francophonie ផងដែរ។


លើសពីនេះ ការខិតខំរបស់ថៃក៏អាចបង្ហាញពីការព្រួយបារម្ភផ្នែកភូមិសាស្ត្រនយោបាយផងដែរ ព្រោះក្នុងរយៈពេលចុងក្រោយ កម្ពុជាបានលើកបញ្ហាព្រំដែន បញ្ហាបេតិកភណ្ឌ និងបញ្ហាអធិបតេយ្យភាពមួយចំនួនទៅលើឆាកអន្តរជាតិ។ ដូច្នេះ ថៃអាចចង់ពន្យល់ ឬបង្ហាញទស្សនៈរបស់ខ្លួនទៅកាន់បារាំង និងដៃគូអឺរ៉ុប ដើម្បីកុំឱ្យការយល់ឃើញអន្តរជាតិផ្អៀងទៅម្ខាងតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា នៅក្នុងសម័យព័ត៌មានបើកចំហសព្វថ្ងៃ មហាអំណាចដូចជាបារាំង និងសហគមន៍អន្តរជាតិ ក៏មានប្រព័ន្ធព័ត៌មាន និងការវាយតម្លៃផ្ទាល់ខ្លួនដែរ មិនអាចពឹងតែលើការបញ្ចុះបញ្ចូលផ្នែកការទូតពីភាគីណាមួយប៉ុណ្ណោះបានឡើយ។ ដូចពាក្យដែលគេនិយាយថា “អង្គការអន្តរជាតិ និងមហាអំណាច មិនមែនអត់ភ្នែក និងត្រចៀកឡើយ” ពួកគេអាចមើលឃើញ និងវាយតម្លៃដោយផ្អែកលើអង្គហេតុ និងសកម្មភាពជាក់ស្តែងនៅលើដី។


ហេតុនេះ ការប្រកួតប្រជែងរវាងថៃ និងកម្ពុជា មិនមែនជាការប្រកួតដោយអាវុធទេ ប៉ុន្តែជាការប្រកួតលើ “ការបង្កើតរូបភាពអន្តរជាតិ” និង “Soft Power”។ ប្រទេសណាអាចបង្កើតទំនុកចិត្ត ទាក់ទាញការគាំទ្រអន្តរជាតិ និងបង្ហាញភាពស្របច្បាប់លើឆាកពិភពលោកបានខ្លាំងជាង ប្រទេសនោះនឹងមានប្រៀបក្នុងការទាញយកឥទ្ធិពលយុទ្ធសាស្ត្រនៅតំបន់មេគង្គ និងអាស៊ីអាគ្នេយ៍។


ចំណុចនេះហើយ ដែលធ្វើឱ្យការទូតរបស់កម្ពុជាមានជម្រៅមួយ ដែលមិនអាចវាស់ត្រឹមទំហំសេដ្ឋកិច្ច ឬកម្លាំងយោធាបានទេ។ ទោះកម្ពុជាជាប្រទេសតូចក៏ដោយ ប៉ុន្តែអាចប្រើប្រវត្តិសាស្ត្រ វប្បធម៌ បេតិកភណ្ឌអង្គរ និងទំនាក់ទំនងផ្ទាល់រវាងមេដឹកនាំ ដើម្បីបង្កើតទម្ងន់ការទូតលើឆាកអន្តរជាតិ។ នេះក៏អាចជាមូលហេតុមួយដែលថៃមិនចង់ឱ្យកម្ពុជា លេចធ្លោខ្លាំងពេកក្នុងទំនាក់ទំនងជាមួយបារាំងដែរ ព្រោះបើកម្ពុជាក្លាយជាដៃគូយុទ្ធសាស្ត្រសំខាន់របស់បារាំងនៅតំបន់មេគង្គ នោះតុល្យភាពឥទ្ធិពលក្នុងតំបន់អាចផ្លាស់ប្តូរបន្តិចម្តងៗ។


√ទី៥៖ នេះជាការប្រកួតប្រជែង “Soft Power” មិនមែនយោធា។

នៅសតវត្សទី២១ ប្រទេសមិនចាំបាច់ប្រើកាំភ្លើងដើម្បីពង្រីកឥទ្ធិពលទៀតទេ។ អ្នកណាទាក់ទាញវិនិយោគ ទេសចរណ៍ កិច្ចសហប្រតិបត្តិការយោធា បច្ចេកវិទ្យា និងការគាំទ្រពីមហាអំណាចបានច្រើនជាង អ្នកនោះមានប្រៀប។ ថៃយល់ច្បាស់ពីចំណុចនេះ ហើយព្យាយាមប្រើការទូតសកម្មដើម្បីរក្សាតួនាទីខ្លួនជាប្រទេសកណ្ដាលក្នុងអាស៊ាន។


សម្រាប់កម្ពុជា វាក៏ជាមេរៀនប្រវត្តិសាស្ត្រសំខាន់មួយ កាលពីសម័យព្រះបាទអង្គឌួង កម្ពុជាខ្វះអំណាចខាងក្នុង និងខ្សោយផ្នែកការទូត ទើបត្រូវពឹងបរទេសដើម្បីរក្សាអធិបតេយ្យភាព ប៉ុន្តែសម័យនេះ កម្ពុជាមានអធិបតេយ្យភាពពេញលេញ និងមានទំនាក់ទំនងជាមួយមហាអំណាចជាច្រើន ទាំងចិន បារាំង អាមេរិក ជប៉ុន និងកូរ៉េ។ ដូច្នេះ បញ្ហាសំខាន់មិនមែនថា “អ្នកណាមកមុន” ទេ ប៉ុន្តែគឺ “កម្ពុជាអាចទាញយកផលប្រយោជន៍យុទ្ធសាស្ត្របានប៉ុណ្ណា” ពីទំនាក់ទំនងទាំងនោះ។


(ទំព័រ៣)


យើងសរុបសេចក្តីមក ការប្រកួតប្រជែងរវាងថៃ និងកម្ពុជា លើការទាក់ទាញបារាំង មើលទៅដូចជាព្រឹត្តិការណ៍ការទូតធម្មតា ប៉ុន្តែជាក់ស្តែង វាជាការឆ្លុះបញ្ចាំងពីការបន្តនៃការប្រកួតប្រជែងឥទ្ធិពល ដែលមានឫសគល់តាំងពីសតវត្សរ៍ទី១៩។ ប្រវត្តិសាស្ត្រមិនបានកើតឡើងដូចដើមទាំងស្រុងទេ ប៉ុន្តែវាតែង “ធ្វើដំណើរដដែលៗ” ក្នុងទម្រង់ថ្មី៕

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post