បធានសូត្រ

 [១៤] បធានសូត្រ

ម្នាលភិក្ខុទាំងឡាយ បធាន (សេចក្តីព្យាយាម) នេះមាន ៤ យ៉ាង​​។ បធានទាំង ៤ យ៉ាង តើដូចម្តេចខ្លះ​​។ គឺ សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១​​។

១. សំវរប្បធាន (សេចក្តីព្យាយាមសង្រួម)៖

ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែកហើយ មិនបានកាន់យកនូវនិមិត្ត (រូបរាងសណ្ឋាន) មិនបានកាន់យកនូវអនុព្យញ្ជនៈ (ចំណុចល្អិតៗដែលនាំឱ្យកើតកិលេស)​​។ អភិជ្ឈានិងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវ ចក្ខុន្រ្ទិយ (ភ្នែក) នុ៎ះ ព្រោះហេតុមិនបានសង្រួមនូវចក្ខុន្ទ្រិយណា ក៏ប្រតិបត្តិដើម្បី សង្រួមនូវចក្ខុន្ទ្រិយ នោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្រ្ទិយ​​។ ឮសំឡេងដោយត្រចៀក (សោតិន្រ្ទិយ)... ធុំក្លិនដោយច្រមុះ (ឃានិន្រ្ទិយ)... ជញ្ជាបរសដោយអណ្តាត (ជិវ្ហិន្រ្ទិយ)... ពាល់ត្រូវនូវផ្សព្វដោយកាយ (កាយិន្រ្ទិយ)... ដឹងនូវធម្មារម្មណ៍ដោយចិត្ត (មនិន្រ្ទិយ) មិនបានកាន់យកនូវនិមិត្ត មិនបានកាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈានិងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវមនិន្រ្ទិយណា ក៏ប្រតិបត្តិដើម្បី សង្រួមនូវមនិន្រ្ទិយ នោះ រក្សានូវមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងមនិន្ទ្រិយ​​។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សំវរប្បធាន​​។

២. បហានប្បធាន (សេចក្តីព្យាយាមលះបង់)៖

ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឱ្យអស់ទៅ ឱ្យដល់នូវសេចក្តីវិនាស នូវកាមវិតក្កៈដែលកើតឡើងហើយ ព្យាបាទវិតក្កៈដែលកើតឡើងហើយ វិហឹសាវិតក្កៈដែលកើតឡើងហើយ... មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឱ្យអស់ទៅ ឱ្យដល់នូវសេចក្តីវិនាសនូវ អកុសលធម៌ដ៏លាមក ដែលកើតឡើងហើយកើតឡើងហើយ​​។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បហានប្បធាន​​។

៣. ភាវនាបធាន (សេចក្តីព្យាយាមចម្រើន)៖

ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសត្តពោជ្ឈង្គ ៧ គឺ៖

សតិសម្ពោជ្ឈង្គ (សេចក្តីរលឹក)

ធម្មវិចយសម្ពោជ្ឈង្គ (ការជ្រើសរើសធម៌)

វីរិយសម្ពោជ្ឈង្គ (សេចក្តីព្យាយាម)

បីតិសម្ពោជ្ឈង្គ (សេចក្តីឆ្អែតចិត្ត)

បស្សទ្ធិសម្ពោជ្ឈង្គ (សេចក្តីស្ងប់កាយស្ងប់ចិត្ត)

សមាធិសម្ពោជ្ឈង្គ (ការតាំងចិត្តមាំ)

ឧបេក្ខាសម្ពោជ្ឈង្គ (ការតាំងចិត្តកណ្តាល)

ដែលអាស្រ័យនូវសេចក្តីស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅដើម្បីលះបង់​​។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវនាបធាន​​។

៤. អនុរក្ខនាបធាន (សេចក្តីព្យាយាមរក្សាទុក)៖

ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រក្សាទុកនូវសមាធិនិមិត្តដ៏ល្អ ដែលកើតឡើងហើយ គឺ៖

អដ្ឋិកសញ្ញា (សេចក្តីសម្គាល់នូវរាងឆ្អឹង)

បុឡវភសញ្ញា (សេចក្តីសម្គាល់នូវអសុភមានគំនរដង្កូវ)

វិនីលកសញ្ញា (សេចក្តីសម្គាល់នូវអសុភមានសម្បុរខៀវ)

វិបុព្វកសញ្ញា (សេចក្តីសម្គាល់នូវអសុភមានខ្ទុះហូរចេញ)

វិច្ឆិទ្ទកសញ្ញា (សេចក្តីសម្គាល់នូវអសុភដាច់ពាក់កណ្តាល)

ឧទ្ធុមាតកសញ្ញា (សេចក្តីសម្គាល់នូវអសុភហើមប៉ោង)[1]

ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនុរក្ខនាបធាន​​។

ម្នាលភិក្ខុទាំងឡាយ បធាន មាន ៤ យ៉ាងប៉ុណ្ណេះឯង​​។

‘‘សំវរោ ច បហានញ្ច,   ភាវនា អនុរក្ខណា;

ឯតេ បធានា ចត្តារោ,    ទេសិតាទិច្ចពន្ធុនា;

យេហិ ភិក្ខុ ឥធាតាបី,    ខយំ ទុក្ខស្ស បាបុណេ’’តិ។

សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១ បធានទាំង ៤ យ៉ាងនេះ ព្រះពុទ្ធជាផៅពង្សនៃព្រះអាទិត្យ ទ្រង់សម្តែងហើយ ដែលភិក្ខុក្នុងសាសនានេះ មានព្យាយាមដុតកំដៅកិលេស បានដល់នូវអរហត្ត ជាធម៌អស់ទៅនៃទុក្ខ​​។


[1] សំដៅយកអសុភទាំង ១០ ដែលមានពិស្តារក្នុងវិសុទ្ធិមគ្គ​​។ (អដ្ឋកថា)

Previous Post Next Post